ដោយៈ សុខុម
រីយ៉ាដ: គម្រោងទីក្រុងឆ្លាតវៃដ៏ធំមហិមា ដែលមានតម្លៃ៥០០ពាន់លានដុល្លារអាមេរិក NEOM របស់អារ៉ាប៊ីសាអូឌីត បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារ Ennismore ដើម្បីពន្លឿនការសាងសង់ គម្រោងគោលដៅទេសចរណ៍តំបន់ភ្នំTrojena របស់ខ្លួន។
ការចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារដំបូងបង្អស់នេះ គឺដើម្បីពន្លឿនការសាងសង់ឱ្យទាន់ពេលវេលា ដើម្បីត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម រដូវរងាឆ្នាំ២០២៩ (Asian Winter Games 2029)។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែតុលា។
-->

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើនេះ នឹងបង្កើតម៉ាកយីហោ (Brand) ល្បីៗរបស់ខ្លួនរួមមានម៉ាកយីហោ 25hours Hotels និងម៉ាកយីហោ Morgans Originals នៅក្នុងគម្រោងគោលដៅទេសចរណ៍តំបន់ភ្នំ Trojena ដែលនឹងក្លាយជាភូមិស្គី នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ។
កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារ Ennismore នេះគឺជាជាកិច្ចព្រមព្រៀងមួយ ក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើន ដែលនឹងត្រូវចុះហត្ថលេខា ជាមួយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារ ខណៈក្រុមហ៊ុន Hotel Development ដែលជាផ្នែកមួយរបស់ NEOM ទទួលបន្ទុកសាងសង់ប្រព័ន្ធអេកូបដិសណ្ឋារកិច្ច ដែលផ្តោតលើអនាគតកាល មានបំណងចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនឈានមុខគេ។
តាមការរំពឹងទុក គម្រោង Trojena នឹងត្រូវសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៦ ហើយវាជាតំបន់មួយដែលសីតុណ្ហភាព ក្នុងរដូវរងាធ្លាក់ចុះក្រោមសូន្យ ហើយសីតុណ្ហភាពពេញមួយឆ្នាំជាទូទៅ ត្រជាក់ជាងកន្លែងផ្សេងៗទៀតនៃតំបន់នោះដល់ទៅ១០អង្សាសេ។
គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី៦០គីឡូម៉ែត្រការ៉េ នៅរយៈកម្ពស់ចន្លោះពី១.៥០០ម៉ែត្រ ទៅ២.៦០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។
ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមរដូវរងា ឆ្នាំ២០២៩ នៅ Trojena នេះនឹងមានព្រឹត្តិការណ៍ចំនួន៤៧ ដោយក្នុងនោះ២៨ព្រឹត្តិការណ៍ធ្វើឡើងនៅលើព្រិល និង១៩ព្រឹត្តិការណ៍ធ្វើឡើងនៅលើទឹកកក។
លោក Nadhmi Al-Nasr នាយកប្រតិបត្តិរបស់ NEOM លើកឡើងថា គម្រោងTrojena នឹងមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម រដូវរងាក្លាយជាព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមរដូវរងាអស្ចារ្យបំផុត មិនធ្លាប់មានពីមុនមក៕ Arab News៕
