ដោយ: លាងហួរ
អាមេរិក: លោក Mark Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta Platforms បានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung Electronics ដើម្បីពិភាក្សាអំពីវិធីសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ។
យោងតាមប្រភពមួយបានឱ្យដឹងថា លោកMark Zuckerberg បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Samsung Research America នៅតំបន់ភាគខាងជើងរដ្ឋកាលីហ្វ័ញ៉ា(Silicon Valley)ហើយលោកបានជួបពិភាក្សាជាមួយលោក Han Jong-hee ប្រធានផ្នែកបទពិសោធន៍ឧបករណ៍របស់ក្រុមហ៊ុន Samsung និងលោក Roh Tae-moon ប្រធានផ្នែកអាជីវកម្មបទពិសោធន៍ទូរស័ព្ទ។
-->

នាយកប្រតិបត្តិSamsung ទាំងពីររូប បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ Samsung នៅទីក្រុង San Francisco។
ទោះបីជាប្រធានបទលម្អិត នៃកិច្ចប្រជុំត្រីភាគីនេះមិនទាន់បញ្ចេញឱ្យដឹងក៏ដោយ ប៉ុន្តែប្រភពមួយបានទម្លាយឱ្យដឹងថា លោក Mark Zuckerberg បានស្នើឱ្យ Samsung ស្វែងរកភាពជាដៃគូអាជីវកម្មដ៏ទូលំទូលាយ សម្រាប់ឧបករណ៍ការពិតនិម្មិត ជាមួយក្រុមហ៊ុន Meta Platforms របស់លោកដែលពីមុនមានឈ្មោះថា Facebook ។
ក្រុមហ៊ុនMeta Platforms បានដាក់បង្ហាញកាសស្តាប់ស៊េរីខ្ពស់របស់ខ្លួន គឺMeta Quest Pro នៅក្នុងកម្មវិធី Meta Connect២០២២ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
លោក Mark Zuckerberg បានប្តូរឈ្មោះក្រុមហ៊ុនរបស់លោកពីFacebook ទៅជាMeta Platforms កាលពីខែតុលាឆ្នាំ២០២១ ដោយលោកនឹងផ្តោតលើការកសាងmetaverse៕
