ដោយៈ សុខុម
ម៉ូស្គូ: ប្រទេសរុស្ស៊ី គ្រោងនឹងចំណាយ២២,៧ពាន់លានដុល្លារអាមេរិក ដែលបានពីមូលនិធិSovereign Wealth Fund (SWF) របស់ខ្លួនដើម្បីទិញយន្តហោះថ្មីៗ មកជំនួសយន្តហោះអាមេរិក និងយន្តហោះអឺរ៉ុប។
ទោះជាយ៉ាងណា ការផ្លាស់ប្ដូរនេះមិនមែនមកពីរុស្ស៊ី មិនចូលចិត្តប្រើយន្តហោះ ដ៏មានគុណភាពផលិតដោយសហរដ្ឋអាមេរិក និងអឹរ៉ុបនោះទេ ប៉ុន្តែគឺដោយសារខ្លួនពិបាករកគ្រឿងបន្លាស់ សម្រាប់ជួសជុលយន្តហោះទាំងនោះ ខណៈខ្លួនកំពុងទទួលរងទណ្ឌកម្ម ជុំទិសពីសំណាក់លោកខាងលិច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ ខែតុលា។
-->
បណ្ដាក្រុមហ៊ុនជួលយន្តហោះ នឹងទទួលបានប្រាក់ទាំងនេះ ដើម្បីយកទៅទិញយន្តហោះថ្មីៗ ដែលផលិតដោយរុស្ស៊ី រួមទាំងយន្តហោះម៉ូឌែល Superjet New ផលិតដោយក្រុមហ៊ុន Sukhoi និងយន្តហោះម៉ូឌែល MS-21 ផលិតដោយក្រុមហ៊ុន Irkut ផងដែរ ដើម្បីជំនួសយន្តហោះផលិតដោយក្រុមហ៊ុនអាមេរិក Boeing និងយន្តហោះផលិតដោយក្រុមហ៊ុនអឺរ៉ុប Airbus។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការ ទទួលបន្ទុកថវិកាកាលពីថ្ងៃច័ន្ទ ទី១៧ ខែតុលា នៅក្នុងសភាជាន់ទាបរុស្ស៊ី ថា “ក្រុមហ៊ុនផលិតយន្តហោះរបស់យើង នឹងត្រូវបានធានាទទួលបានតម្រូវការជួល ពីបណ្ដាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់យើង”។
លុយដែលត្រូវចំណាយសម្រាប់គម្រោងប្ដូរយន្តថ្មីនេះ នឹងត្រូវបង្វែរចេញពីមូលនិធិ National Wealth Fund (NWF) ដែលកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីជំរុញសេដ្ឋកិច្ចប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្រោយពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។
តំណាងក្រសួងហិរញ្ញវត្ថុរុស្ស៊ី លើកឡើងថា តាមការរំពឹងទុកមូលនិធិនេះនឹងត្រូវចំណាយនៅឆ្នាំ២០៣០។
ក្រុមហ៊ុន Rostec ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី បាននិយាយកាលពីខែកញ្ញា ថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសរុស្ស៊ី មានបំណងផលិតយន្តហោះឱ្យបានចំនួន១.០០០គ្រឿង នៅឆ្នាំ២០៣០ ដើម្បីបញ្ចប់ការពឹងផ្អែករបស់ខ្លួន លើយន្តហោះដែលផលិតដោយលោកខាងលិច៕ Reuters៕
