ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប បានបង្ហាញផ្នែកសំខាន់ៗជាច្រើននៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជានៅតែបន្តរីកចម្រើនសម្រាប់រយៈពេលវែងខាងមុខ។
អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា មានផ្នែកននិងវិស័យសំខាន់ៗជាច្រើន នឹងបន្តរីកចម្រើនសម្រាប់រយៈពេលវែងខាងមុខ ដោយក្នុងនោះទី១ តម្លៃដីធ្លីនៅកម្ពុជានឹងបន្តរីកចម្រើន រយៈពេលវែងបន្តទៀត ដោយរយៈពេល១០ឆ្នាំចុងក្រោយនេះ តម្លៃដីធ្លីនៅកម្ពុជាបានកើនឡើង១០ទៅ១២ភាគរយ ដោយសារការីកចម្រើនផ្នែកសេដ្ឋកិច្ច និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។
-->
អ្នកស្រីបន្តថា “ទោះបីជាមានបញ្ហាប្រឈមខ្លះក្តី ប៉ុន្តែវិស័យនេះនៅតែបន្តរីកចម្រើន ដោយតម្លៃដីធ្លីបានកើនឡើងចន្លោះពី៥ ទៅ១០ភាគរយ សម្រាប់ដីនៅតាមបណ្តាជាយក្រុង និងតំបន់អភិវឌ្ឍន៍នានា”។

ទី២ វិស័យឧស្សាហកម្មនឹងមានការរីកចម្រើន ដោយអ្នកវិនិយោគអន្តរជាតិបានផ្តោតលើកម្ពុជា ព្រោះពួកគេបានចាកចេញពីប្រទេសចិន វៀតណាម និងបណ្តាប្រទេសមួយចំនួនទៀត ដោយសារដីមានតម្លៃសមរម្យ កំលាំងពលកម្មទាប បើទោះជាមានបញ្ហាប្រឈមហេដ្ឋារចនាសម្ព័ន្ឋក្តី ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្ម ទី៣ វិស័យកសកម្ម នឹងមានការរីកចម្រើនខ្លាំង បើមានការវិនិយោគការគាំទ្រពីរដ្ឋាភិបាល និងបង្កើនការវិនិយោគផ្នែកបច្ចេកវិទ្យា។
ទី៤ ទីផ្សារការិយាល័័យ នឹងមានភាពប្រសើរឡើង ដែលបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ ទី៥ វិស័យសណ្ឋាគារ និងទេសចរណ៍ដែលនឹងមានការរីកចម្រើនឡើងវិញ ដែលបច្ចុប្បន្នភ្ញៀវអន្តរជាតិបាន និងកំពុងកើនឡើង និងទី៦ ទីផ្សារលក់រាយនឹងបន្តកើនឡើង ស្របពេលការផ្គត់ផ្គង់និងតម្រូវការកើនឡើង ដោយសារកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ងឲ្យដឹងកាលពីសប្តាហ៍មុនថា លំហូរពាណិជ្ជកម្មកម្ពុជាកំពុងមានភាពប្រសើរឡើង បន្ទាប់ពីរដ្ឋាភិបាលបើកចំហប្រទេសឡើងវិញ ពិសេសការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិន ការចូលជាធរមាននៃកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងការត្រៀមចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ។
លោកបន្តថា “ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា ចិន និងដៃគូដទៃទៀតបាននិងកំពុងធ្វើឲ្យលំហូរពាណិជ្ជកម្ម និងកំនើនសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ”។
តាមការព្យាករណ៍របស់លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២នេះ នឹងអាចសម្រេចបានកំនើន៥ភាគរយ និងឆ្នាំ២០២៣ខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងអាចទទួលបានកំណើនរហូតដល់៦ភាគរយ៕
