មូលនិធិវិនិយោគរបស់កូរ៉េខាងត្បូងប្រឈមការខាតបង់ជាង២៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២នេះ

0

ដោយ: លាងហួរ

សេអ៊ូល: មូលនិធិវិនិយោគគ្រប់គ្រងដោយរដ្ឋ (sovereign wealth fund) របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការខាតបង់ចំនួន២៨,៤ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០២២នេះ។

ការខាតបង់នេះកើតឡើង ស្របពេលទីផ្សារភាគហ៊ុន និងទីផ្សារប័ណ្ណបំណុលសកល បានជួបភាពចលាចល ហើយខណៈពេលដែលរូបិយប័ណ្ណប្រាក់វ៉ុនកំពុងចុះថោក ក៏បានបណ្តាលឱ្យមានការធ្លាក់ចុះ ក្នុងការវាយតម្លៃនៃភាគហ៊ុន នៅក្រៅប្រទេសផងដែរ។

នៅក្នុងសវនកម្មសភាមួយ លោក Jin Seung-ho ប្រធានសាជីវកម្មវិនិយោគកូរ៉េ (KIC) បានមានប្រសាសន៍ថា ប្រាក់ចំណេញពីការវិនិយោគរបស់មូលនិធិ បានធ្លាក់ចុះមកនៅត្រឹមដក១៣,៨៧ភាគរយ គិតត្រឹមដំណាច់ខែសីហា។ ជាការកត់សម្គាល់ ប្រាក់ចំណេញពីការវិនិយោគ នៅក្នុងទ្រព្យសកម្មបែបប្រពៃណី ដូចជា ភាគហ៊ុន និងប័ណ្ណបំណុល បានធ្លាក់ចុះ១៦,៨៥ភាគរយ ក្នុងរយៈពេលខាងលើ។

ការធ្លាក់ចុះនៃប្រាក់ចំណេញបានកើតឡើង ស្របពេលដែលទីផ្សារភាគហ៊ុន និងមូលបត្របំណុលសកលបានដាំក្បាលចុះយ៉ាងខ្លាំង ដែលបណ្តាលមកពីការព្រួយបារម្ភជុំវិញការរឹតបន្តឹងរូបិយវត្ថុ នៅក្នុងប្រទេសធំៗ និងលទ្ធភាពកើនឡើង នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

លោកJin Seung-ho បានមានប្រសាសន៍ថា “យើងកំពុងគ្រប់គ្រងផលនៃមូលប័ត្ររបស់យើង តាមរយៈការធ្វើតេស្តភាពតានតឹង និងការវិភាគហានិភ័យ លើទ្រព្យសកម្មក្នុងវិធីមួយ ដើម្បីឆ្លើយតបយ៉ាងសកម្ម ចំពោះការប្រែប្រួលនៃទីផ្សារ”។

យោងតាមសាជីវកម្មវិនិយោគកូរ៉េ (KIC) បានឱ្យដឹងថា សាជីវកម្មនេះនៅតែទទួលបានប្រាក់ចំណេញសរុបប្រហែល៥៩,៥ពាន់លានដុល្លារ ចាប់តាំងពីបានបើកដំណើរការក្នុងឆ្នាំ២០០៥។ សាជីវកម្មវិនិយោគកូរ៉េ (KIC) គឺជាមូលនិធិវិនិយោគមួយ ដែលគ្រប់គ្រងដោយរដ្ឋ ហើយវាត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០០៥។ បច្ចុប្បន្ននេះ KIC គ្រប់គ្រងទ្រព្យសម្បត្តិចំនួន១១៧,១ពាន់លានដុល្លារ ជុំវិញពិភពលោក ហើយប្រាក់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល និង​ធនាគារ​កណ្តាល​កូរ៉េ​ចាត់​ចែង ​សម្រាប់​ការ​វិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here