ដោយ: លាងហួរ
បាងកក: រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអ្នកតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសសមាជិក នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានបញ្ចប់ កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយសន្យាថានឹងខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងអំឡុងពេល២ថ្ងៃ នៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុAPEC ឆ្នាំ២០២២ក្រុមអ្នកចូលរួមបានពិភាក្សាអំពី បញ្ហារួមទាំងការបន្ធូរបន្ថយសម្ពាធអតិផរណា ប្តូរទិសវិធានការពីកូវីដ ទៅជាកត្តាជំរុញកំណើនរយៈពេលវែង និងការរក្សានិរន្តរភាពសារពើពន្ធ។
-->

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ដែលជាប្រធានកិច្ចប្រជុំបានមានប្រសាសន៍ថា យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍការឆ្លើយតបជាយុទ្ធសាស្ត្រ វាស់វែង និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីរក្សាសេដ្ឋកិច្ចពិភពលោកឱ្យស្ថិតស្ថេរ និងជំរុញវាទៅមុខ ជាពិសេសក្នុងវិស័យដែលត្រូវការសកម្មភាពរួមរបស់យើង ដូចជា ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការតភ្ជាប់ឌីជីថល។
នៅក្នុងកិច្ចប្រជុំនេះ ធ្វើឡើងក្រោមប្រធានបទ “ការជំរុញឌីជីថលភាវូបនីយកម្ម ការសម្រេចបាននូវនិរន្តរភាព” លោក Arkhom បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើឱ្យមានតុល្យភាពរវាងកំណើន និងការថែរក្សាបរិស្ថាន ដោយគូសបញ្ជាក់ថា ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាពនឹងក្លាយជាគន្លឹះនៃវិបុលភាពរបស់ APEC។
ក្រុមរដ្ឋមន្ត្រីបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការអនុវត្តគោលនយោបាយសារពើពន្ធ ដែលអាចបត់បែនបាន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
ក្រុមរដ្ឋមន្ត្រីAPECបានសន្យាថា នឹងប្រើប្រាស់ឧបករណ៍គោលនយោបាយដែលមានទាំងអស់ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា និងដឹកនាំសេដ្ឋកិច្ចពិភពលោក ឱ្យត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។
APECបានជំរុញឱ្យមានការខិតខំប្រឹងប្រែង ដើម្បីពង្រឹងភាពធន់នឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របពេលការរក្សាបំណុលសាធារណៈឱ្យស្ថិតនៅលើផ្លូវប្រកបដោយនិរន្តរភាព ហើយពួកគេក៏បានសន្យាថា នឹងមិនកែសម្រួលអត្រាប្តូរប្រាក់សម្រាប់គោលបំណងប្រកួតប្រជែងផងដែរ៕
