ក្រុមហ៊ុនផលិតរថយន្តធំៗគ្រោងបង្កើនការវិនិយោគលើរថយន្តអគ្គិសនី និងអាគុយរហូតដល់១,២ទ្រីលានដុល្លារ

0

សុខុម

អន្តរជាតិ: ក្រុមហ៊ុនផលិតរថយន្តកំពូលៗក្នុងពិភពលោកគ្រោងបោះទុនវិនិយោគរហូតដល់ទៅជិត១,២ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនី (EV) រាប់សិបលានគ្រឿងរួមជាមួយអាគុយ និងវត្ថុធាតុដើមសម្រាប់គាំទ្រដល់ការផលិតនោះ។

ទីភ្នាក់ងារព័ត៌មាន Reuters បានវិភាគលើទិន្នន័យ និងការព្យាករជាសាធារណៈដែលចេញផ្សាយដោយក្រុមហ៊ុនទាំងនោះថា ក្រុមហ៊ុនផលិតរថយន្តធំៗមានគម្រោងផលិតរថយន្តអគ្គិសនីប្រើអាគុយឱ្យបានចំនួន៥៤លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដែលគ្របដណ្ដប់ជាង៥០%នៃការផលិតរថយន្តសរុប។

យោងតាមទិន្នន័យពីទីភ្នាក់ងារអង់គ្លេស Benchmark Mineral Intelligence និងក្រុមហ៊ុនផលិតរថយន្តធំៗបង្ហាញថា ដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនីក្នុងចំនួនច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក ក្រុមហ៊ុនផលិតរថយន្តធំៗ និងដៃគូផលិតអាគុយរបស់ពួកគេគ្រោងនឹងបង្កើនសមត្ថភាពផលិតអាគុយឱ្យបានកម្លាំងសរុបរហូតដល់ទៅ៥,៨តេរ៉ាវ៉ាត់ម៉ោង (TWh) នៅត្រឹមឆ្នាំ២០៣០។

ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla ដោយលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុននេះបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានផែនការផលិតរថយន្តអគ្គិសនីឱ្យបាន២០លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដែលត្រូវការអាគុយកម្លាំងសរុបប្រមាណ៣តេរ៉ាវ៉ាត់ម៉ោង (TWh)។

បន្ទាប់ពីនេះ ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen គ្រោងវិនិយោគជាង១០០ពាន់លានដុល្លារ ក្រុមហ៊ុនជប៉ុន Toyota ៧០ពាន់លានដុល្លារ ក្រុមហ៊ុនអាមេរិក Ford ៥០ពាន់លានដុល្លារ ក្រុមហ៊ុនអាល្លឺម៉ង់ Mercedes-Benz ៤៧ពាន់លានដុល្លារ  ក្រុមហ៊ុនអាល្លឺម៉ង់ BMW ៣៥ពាន់លានដុល្លារ  ក្រុមហ៊ុនហូឡង់ Stellantis ៣៥ពាន់លានដុល្លារ  ហើយក្រុមហ៊ុនអាមេរិក General Motors គ្រោងវិនិយោគយ៉ាងតិច៣៥ពាន់លានដុល្លារ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here