តើអ្វីជាហានិភ័យដ៏ធំបំផុតដែលប្រធានាធិបតីចិន ស៊ី ជីនភីង កំពុងប្រឈមពេលនេះ?

0

សុខុម

ហុងកុង: ពេលនេះពិភពលោកទាំងមូលកំពុងតែចោលក្រសែភ្នែកសម្លឹងមើលទៅលោក ស៊ី ជីនភីង ដែលទំនងជានឹងត្រូវជ្រើសរើសឱ្យកាន់តំណែងជាប្រធានាធិបតីចិន អាណត្តិទី៣ សម្រាប់អាណត្តិរយៈពេល៥ឆ្នាំអំឡុងសមាជរបស់បក្សកុម្មុយនីស្ដចិន ដែលកំពុងតែប្រព្រឹត្តទៅ។

ប៉ុន្តែទន្ទឹមនេះ មានសំណួរដ៏សំខាន់មួយត្រូវបានចោទសួរថា តើពេលនេះអ្វីជាហានិភ័យធំបំផុតដែលលោក ស៊ី ជីនភីង កំពុងតែប្រឈម ខណៈមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ កំពុងជួបបញ្ហាចាក់ស្រេះច្រើនរាប់មិនអស់?

ជាការពិតណាស់ ក្រោយពីលោក ស៊ី ជីនភីង កាន់អំណាចបាន២អាណត្តិសរុបរយៈពេល១០ឆ្នាំ ប្រទេសចិន នៅពេលនេះកំពុងជួបបញ្ហាចាក់ស្រេះជាច្រើនរួមមានដូចជាសេដ្ឋកិច្ចកំពុងដាំក្បាលចុះ អត្រាគ្មានការងារធ្វើកំពុងកើនឡើងខ្លាំង ហើយការបិទខ្ទប់កូវីដ-១៩ ដែលមិនដឹងពេលណាចប់ កំពុងបង្កផលប៉ះពាល់ខ្លាំងដល់អាជីវកម្មនានា និងជីវភាពរបស់ប្រជាជន។

លើសពីនេះ វិស័យអចលនទ្រព្យរបស់ប្រទេសនេះក៏កំពុងមានវិបត្តិធ្ងន់ធ្ងរផងដែរ ហើយចំណែងឯទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងមហាអំណាចធំៗក្នុងពិភពលោកកំពុងតែស្ថិតក្នុងភាពតានតឹងខ្លាំង។

ប្រទេសចិន កំពុងបន្តជួបបញ្ហាយ៉ាងច្រើន ហើយបញ្ហាប្រឈមជាច្រើនក្នុងចំណោមនោះគឺកាន់តែធ្ងន់ធ្ងរឡើងៗក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង។ ទោះជាយ៉ាងណា មេដឹកនាំដ៏មានឥទ្ធិពលរូបនេះនៅតែក្ដោបក្ដាប់អំណាចបានយ៉ាងណែន។

ក្នុងរយៈពេល១ទសវត្សរ៍មកនេះ លោក ស៊ី ជីនភីង បានប្រមូលផ្ដុំអំណាចយ៉ាងណែនដែលគេមិនធ្លាប់បានឃើញចាប់តាំងពីសម័យកាលរបស់លោក ម៉ៅ សេទុង ដែលជាស្ថាបនិកដ៏ខ្លាំងរបស់បក្សកុម្មុយនីស្តចិន។

លោក ស៊ី ជីនភីង កាន់មុខតំណែងធំៗជាច្រើនដែលសុទ្ធតែជាតំណែងកំពូលៗរួមមានដូចជាប្រធានបក្សកុម្មុយនីស្តចិន ជាប្រមុខរដ្ឋ ជាអគ្គមេបញ្ជាការកងទ័ព និងជាប្រធានគណៈកម្មាធិកាជាច្រើនរាប់មិនអស់ផ្សេងទៀតរហូតដល់លោកត្រូវបានគេដាក់រហស្សនាមថា “ប្រធានគ្រប់សព្វ” (Chairman of Everything)។ ហើយពេលនេះលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជើងចូលកាន់អំណាចអាណត្តិទី៣ ដែលអាចឈានទៅដល់ការកាន់អំណាចពេញមួយជីវិតតែម្ដង។

ប៉ុន្តែជាធម្មតាការកាន់អំណាចដាច់ខាតក៏ទាមទារឱ្យមានការទទួលខុសត្រូវដាច់ខាតផងដែរ ហើយខណៈបញ្ហាកើនឡើងកាន់តែច្រើន ក្រុមអ្នកវិភាគព្រមានថា លោក ស៊ី ជីនភីង នឹងមានឱកាសតិចតួចណាស់ដែលអាចជៀសផុតពីការស្ដីបន្ទោសរបស់មហាជន។

លោក Steve Tsang នាយកវិទ្យាស្ថាន SOAS China Institute នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានលើកឡើងថា “ខ្ញុំគិតថា សត្រូវដ៏ធំបំផុតរបស់លោក ស៊ី ជីនភីង នៅក្នុងការដឹកនាំប្រទេសចិន គឺលោកខ្លួនឯងផ្ទាល់។ នៅពេលគាត់ធ្វើឱ្យមានកំហុសគោលនយោបាយដ៏ធំដែលបង្កឱ្យមានផលប៉ះពាល់ក្នុងប្រទេសចិន ដែលអាចចាប់ផ្តើមធ្វើឱ្យដំណើរការក្ដោបក្ដាប់អំណាចរបស់លោក ស៊ី ជីនភីង រង្គោះរង្គើ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here