ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាគមវិនិយោគិនខ្មែរ-អន្តរជាតិ បានរៀបចំកម្មវិធីជួបជុំសមាជិក សមាជិកា ម្ចាស់អាជីវកម្ម និង វិនិយោគិន ដើម្បីស្វែងយល់អោយកាន់តែច្បាស់អំពីចក្ខុវិស័យ និងបេសកកម្មរបស់សមាគម និងបង្កើនទំនាក់ទំនងគ្នា ។
ក្រោមការដឹកនាំរបស់ លោកឧកញ៉ា ប៊ី សុក្របណ្ឌិត ប្រធានសមាគមវិនិយោគិនខ្មែរ-អន្តរជាតិ និងមានការចូលរួមគាំទ្រដោយ លោក លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្ម និងវិនិយោគិន សមាគមមានការរីកចម្រើនគួរអោយកត់សម្គាល់។
លោកឧកញ៉ាប៊ី សុខបណ្ឌិត បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២២ តុលាកន្លងមកថា ក្នុងរយៈពេលត្រឹមតែ១០ខែដំបូងនៃឆ្នាំនេះ សមាគមមានសមាជិកចូលរួមចំនួន៦៧រូប ក្នុងនោះមានសមាសភាពជាមន្ត្រីរដ្ឋាភិបាល អ្នកជំនួញពាណិជ្ជកម្ម និងវិនិយោគិន ដែលសុទ្ធសឹងជាធនធានប្រកបដោយសក្តានុពល ក្នុងការជំរុញនិងអភវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ។
លោកឧកញ៉ាបានបន្តថា កម្មវិធីជួបជុំនាពេលនេះ ជាការពង្រីកនិងពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការស្វែងរកឱកាសវិនិយោគរួមគ្នារវាងសមាជិកសមាគមទាំងជាតិ និងអន្តរជាតិ ដែលពួកគាត់សុទ្ឋតែជាម្ចាស់អាជីវកម្ម និងស្វែងរកដៃគូអាជីវកម្ម និងពង្រីកឱកាសជំនួញជាច្រើននៅកម្ពុជា។
លោកឧកញ៉ាបានបន្តថា ស្របពេលសេដ្ឋកិច្ចកម្ពុជា មានកំនើនក្នុងរង្វង់៥ភាគរយនៅឆ្នាំនេះ បានធ្វើឲ្យសកម្មភាពអាជីវកម្មនៅកម្ពុជាកាន់តែមានការរីកចម្រើន ដែលកម្ពុជាបាន និងកំពុងស្ថិតក្រោមក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀតនាពេលអនាគត ហេតុនេះការពង្រឹងស្តង់ដាអាជីវកម្មឲ្យមានលក្ខណៈអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យម្ចាស់អាជីវកម្មនោះអាចចាប់ដៃសហការជាមួយក្រុមហ៊ុនអន្តរជាតិបាន៕