ប្រទេសអារ៉ាប៊ីសាអូឌីតចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីទាក់ទាញការវិនិយោគ

0

ដោយ: លាងហួរ

រីយ៉ាដ: រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman bin Abdulaziz Al Saud បានដាក់ចេញនូវគំនិតផ្តួចផ្តើមនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា គំនិតផ្តួច ផ្តើមនេះ មានគោលបំណងធ្វើឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ក្លាយជាទីតាំងដ៏ជាទីពេញចិត្ត សម្រាប់ក្រុមហ៊ុនឧស្សាហកម្មឈានមុខគេ នៅលើពិភពលោក និងដើម្បីទាក់ទាញទំហំទឹកប្រាក់ ចំនួន៤០ពាន់លានដុល្លារអារ៉ាប៊ីសាអូឌីត(១០,៦៤ពាន់លានដុល្លារ) ពីការវិនិយោគគុណភាព ឧស្សាហកម្ម និងសេវាកម្មនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា នៅក្រោមគំនិតផ្តួចផ្តើមនេះ ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់១០ពាន់លានriyl អារ៉ាប៊ីសាអូឌីត នឹងគាំទ្រអ្នកវិនិយោគទូទាំងពិភពលោកដែលចាប់អារម្មណ៍ ក្នុងការបញ្ចូលអារ៉ាប៊ីសាអូឌីត ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។

ព្រះអង្គម្ចាស់មានបន្ទូលថា គំនិតផ្តួចផ្តើមនេះ រួមជាមួយនឹងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ផ្សេងទៀត ដែលបានចាប់ផ្តើមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងជួយដល់អ្នកវិនិយោគ មកពីគ្រប់វិស័យទទួលបានអត្ថប្រយោជន៍ពីធនធាន និងសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីតព្រមទាំងគាំទ្រ និងអភិវឌ្ឍខ្សែសង្វាក់តម្លៃទាំងនេះ។

គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថា នឹងនាំប្រទេសអារ៉ាប៊ីសាអូឌីតខិត ទៅជិតការក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចកំពូលទាំង១៥ លើពិភពលោកទាំងនៅឆ្នាំ២០៣០ ហើយបន្សល់ទុកនូវមរតកដ៏សប្បុរសសម្រាប់មនុស្សជំនាន់ក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here