ដោយ៖ សុផារី
ព្រះសីហនុ៖ ក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT គ្រោងរៀបចំអភិវឌ្ឍន៍រមណីយដ្ឋានកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងកិច្ចប្រជុំស្តីពីគម្រោងរៀបចំរមណីយដ្ឋានកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៤ ខែតុលា ម្សិលមិញនេះ មានការចូលរួមពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក (LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT) ។
-->

គម្រោងរៀបចំរមណីយដ្ឋានកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទល់មុខនឹងអគាររបស់ក្រុមហ៊ុន មានទំហំទទឹង១០០ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរប្រមាណ២០ម៉ែត្រ នៅលើសមុទ្រដែលមានកីឡាដូចជា ប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ទូកពោង ពោងបណ្តែតលើទឹក ទោងជិះកម្សាន្ត និងទូកក្តោងជាដើម។ ក្រុមហ៊ុនមានបុគ្គលិកសម្អាតឆ្នេរជាប្រចាំ និងមានឆ្មាំសម្រាប់ជួយសង្គ្រោះផងដែរ។
តាមរយៈក្រុមហ៊ុន គម្រោងវិនិយោគរមណីយដ្ឋានកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ នឹងជួយទាក់ទាញទេសចរចូលមកកំសាន្តនៅខេត្តកាន់តែច្រើនឡើង។

រដ្ឋបាលខេត្តព្រះសីហនុ បានសម្តែងការគាំទ្រ ចំពោះគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក ដោយបានណែនាំឱ្យក្រុមហ៊ុនត្រូវដាក់ពាក្យចុះបញ្ជីវិនិយោគ តាមយន្តការអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ហើយអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវបើកកិច្ចប្រជុំពិនិត្យលើសំណើរបស់ក្រុមហ៊ុន និងពិភាក្សាលើលក្ខខណ្ឌដែលត្រូវអនុវត្ត ដែលនឹងត្រូវពិភាក្សាឆ្លងយោបល់ផ្លូវច្បាប់ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានអនុវត្តនីតិវិធីបន្ត៕
