ដោយៈ សុខុម
ប៉េកាំង: មហាយក្សចិន បានប្រកាសពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា ខ្លួននឹងលើកកម្ពស់ការវិនិយោគរបស់បរទេស ដោយផ្តោតលើឧស្សាហកម្មផលិតកម្ម បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនភីង អំឡុងសមាជបក្សកុម្មុយនីស្តចិន ដែលបានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅ បានអំពាវនាវឱ្យប្រឹងប្រែងធ្វើយ៉ាងណា “យកឈ្នះសមរភូមិ” ផ្នែកបច្ចេកវិទ្យាស្នូលសំខាន់ៗ។
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (National Development and Reform Commission) ដែលជាទីភ្នាក់ងារផែនការដ៏មានឥទ្ធិពលរបស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍បង្ហោះលើគេហទំព័ររបស់ខ្លួនថា ប្រទេសចិន នឹងជំរុញលើកទឹកចិត្តក្រុមហ៊ុនសហគ្រាសបរទេសនានា ឱ្យវិនិយោគលើឧបករណ៍ និងគ្រឿងបង្គុំបច្ចេកវិទ្យាខ្ពស់។
-->

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ប្រទេសចិន ក៏នឹងពង្រឹងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់បណ្ដាក្រុមហ៊ុនសហគ្រាសបរទេស រួមទាំងការប្រមូលដើមទុន តាមរយៈការចុះបញ្ជីនលើទីផ្សារភាគហ៊ុន របស់ប្រទេសចិន ផងដែរ។
សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើន៣,៩%ក្នុងត្រីមាសខែទី៣ បើធៀបនឹងឆ្នាំមុន ដោយស្ទុះងើបឡើងលឿនជាងការរំពឹងទុក ទោះបីជាទស្សនវិស័យសេដ្ឋកិច្ចអាប់អួរ ដោយសារវិធានការដ៏តឹងរ៉ឹងនៅក្នុងការទប់ស្កាត់កូវីដ-១៩ ការដាំក្បាលចុះរយៈពេលវែង នៃវិស័យអចលនទ្រព្យចិន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកក្ដី។
តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់របស់ចិន ក៏បានសន្យាផ្ដល់ការគាំទ្រដល់បណ្ដាក្រុមហ៊ុនសហគ្រាសបរទេស ដែលបញ្ជូនបុគ្គលិករបស់ខ្លួនមកកាន់ប្រទេសចិន ផងដែរ។
គណៈកម្មាធិការនេះលើកឡើងថា “ប្រទេសចិន នឹងជួយសម្រួលការចេញចូលប្រទេសចិន ពីសំណាក់នាយកប្រតិបត្តិ នៃបណ្ដាក្រុមហ៊ុនពហុជាតិសាសន៍ ក្រុមអ្នកបច្ចេកទេស និងក្រុមគ្រួសាររបស់ពួកគេក្រោមការទប់ស្កាត់ និងគ្រប់គ្រងវិបត្តិកូវីដ-១៩”៕ Reuters៕
