ដោយ: លាងហួរ
បាងកក: គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឯកភាពអនុញ្ញាតឱ្យ ជនបរទេសទិញផ្ទះ និងដីរហូតដល់១៦០០ម៉ែត្រការេ ប្រសិនបើពួកគេអាចបោះទុនវិនិយោគយ៉ាងហោចណាស់៤០លានបាត (ប្រហែល១,០៥លានដុល្លារ)។
សេចក្តីណែនាំនេះគ្រោងចូលជាធរមាន សម្រាប់រយៈពេលប្រាំឆ្នាំ បន្ទាប់ពីវាត្រូវបានបោះពុម្ពនៅក្នុង Royal Gazette ដោយរដ្ឋាភិបាលថៃបាននិយាយថា “គួរតែឆាប់”។
សំណើនេះត្រូវបានក្រសួងមហាផ្ទៃលើកឡើង កាលពីខែឧសភា ក្នុងគោលបំណងទាក់ទាញការវិនិយោគពីបរទេស និងទាក់ទាញជនបរទេស ដែលមានជំនាញពិសេស មកកាន់ប្រទេសថៃ។
យ៉ាងណាក៏ដោយ គណៈរដ្ឋមន្ត្រីបានចំណាយពេលរាប់ខែ ដើម្បីថ្លឹងថ្លែងសំណើនេះ និងស្តាប់យោបល់ពីស្ថាប័នពាក់ព័ន្ធមួយចំនួន។
សេចក្តីណែនាំដែលអនុញ្ញាតឱ្យជនបរទេសទិញដី និងផ្ទះមួយរ៉ៃនឹងអនុវត្តចំពោះជនបរទេស ដែលមានទ្រព្យសម្បត្តិ និវត្តជន ក្រុមអ្នកពនេចរជំនាញឌីជីថល ដែលចង់មានមូលដ្ឋាននៅក្នុងប្រទេសថៃ និងអ្នកដែលមានជំនាញពិសេស។
ដើម្បីមានសិទ្ធិទិញផ្ទះនិងដីធ្លី ពលរដ្ឋបរទេសនឹងត្រូវតម្រូវឱ្យវិនិយោគយ៉ាងតិច៤០លានបាតក្នុងប្រទេសថៃ ហើយអាចបន្តវិនិយោគរយៈពេលយ៉ាងតិច៣ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ ដែលពួកគេដាក់ពាក្យស្នើសុំទិញ។ ជនបរទេស ដែលស្នើសុំការអនុញ្ញាតទិញដី ឬផ្ទះ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ពីការវិនិយោគរបស់ពួកគេ។
តាមរយៈសេចក្តីណែនាំបានបង្ហាញថា ជនបរទេសអាចទិញដី ឬផ្ទះនៅក្នុងទីក្រុងបាងកក ប៉ាតាយ៉ា ឬតំបន់ផ្សេងទៀត ប៉ុន្តែពួកគេមិនអាចទិញដី ក្នុងតំបន់យោធាបានទេ៕