អ្នកជំនាញជំរុញឱ្យអ្នកវិនិយោគិនពិចារណាវិនិយោគលើភាគហ៊ុន ស្របពេលតម្លៃធ្លាក់ចុះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ កត្តាទីផ្សារ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដោយសារសង្គ្រាម និងវិបត្តិអតិផរណា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានជំរុញឱ្យតម្លៃភាគហ៊ុននានានៅក្នុងពិភពលោកកំពុងតែត្រូវបានជួញដូរក្នុងថ្លៃទាប។ អ្នកជំនាញលើកឡើងថា ពេលនេះជាឱកាសដ៏ល្អមួយ សម្រាប់វិនិយោគិនលើភាគហ៊ុន។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា នៅក្នុងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២កន្លងមកថា ​​ទីផ្សារ​ភាគហ៊ុនកម្ពុជា ទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងមុន ដោយមានសាធារណជនជាច្រើនបានមកសួរព័ត៌មាននៅតាមស្តង់នានា និងបើកគណនីជួញដូរភ្លាមៗ នៅក្នុងពិព័រណ៍​ ដោយខុសពីលើកមុនៗ ដែល​ត្រូវចេញទៅរកពួកគាត់។

លោកមានប្រសាសន៍ថា “ថ្លៃភាគហ៊ុនភាគច្រើននៅទីផ្សារបច្ចុប្បន្ន ស្ទើរទាំងអស់ កំពុងតែត្រូវបានជួញដូរក្នុងថ្លៃទាប ដូចនេះវិនិយោគិនរបស់យើងអាចទិញបានភាគហ៊ុនក្រុមហ៊ុនល្អៗ ក្នុងថ្លៃពិសេស ដែលនេះក៏មកពីកត្តាទីផ្សារ រួមផ្សុំជាមួយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ការមានសង្គ្រាម និងវិបត្តិអតិផរណាជាដើម”។

លោកអះអាងថា “នេះគឺជាឱកាសដ៏ល្អមួយសម្រាប់វិនិយោគិនទាំងអស់គ្នា ព្រោះថ្លៃភាគហ៊ុនអាចនឹងឡើងថ្លៃវិញខ្លាំងក្នុងពេលខាងមុខ ដូចខ្ញុំធ្លាប់បាននិយាយថា ទិញហ៊ុន ក៏នឹងអាចធ្វើឱ្យយើងក្លាយជាអ្នកមានបានដែរ”។

លោកបានបង្ហើបថា ជាលទ្ធផល ក្នុងរយៈពេលត្រឹមតែបីថ្ងៃ កាលពីសប្តាហ៍មុន ទទួលបានការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីជួញដូរបានជាង២០០០គណនីថ្មី។ បើធៀបនឹងចំនួនបើកគណនីជួញដូរប្រចាំខែ ដែលមានប្រមាណជាង៣០០គណនីក្នុងមួយខែ ដូចនេះក្នុងរយៈពេល៣ថ្ងៃនេះ ​ការបើកគណនីថ្មី បានចំនួនប្រមាណស្មើនឹង៧ខែ។​

លោកបានបន្ថែមថា ផ្សារមូលបត្រកម្ពុជានឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលវិនិយោគិនថ្មីៗ ឱ្យយល់ច្បាស់ពីទីផ្សារ ដោយ​ផ្សារមូលបត្រកម្ពុជា នឹងមានវគ្គបណ្តុះបណ្តាលជារៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង២ ដល់៥រសៀល នៅអគារផ្សារមូលបត្រកម្ពុជា និងតាមប្រព័ន្ធអនឡាញ។ សាធារណជនរាប់រយនាក់នឹងមានឱកាសស្នើសុំបើកលេខអត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីដោយឥតគិតថ្លៃផងដែរនៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here