អ្នកជំនាញបង្ហាញតម្លៃដីធ្លី ដែលមានតម្លៃធូរថ្លៃអាចទទួលបានផលចំណេញពីការវិនិយោគនៅតាមផ្លូវក្រវាត់ក្រុងទី៣

0

ដោយៈ សុផារី

ភ្នំពេញៈ ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយ ដែលបាន និងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។ គម្រោងក៏ធំនេះត្រូវបានមើលឃើញថា បានជំរុញឱ្យតម្លៃដីធ្លីនៅក្នុងតំបន់ជាប់ផ្លូវ មានកំណើនខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

បច្ចុប្បន្ន អ្នកជំនាញអចលនទ្រព្យមើលឃើញថា ប្រឈមនឹងវិបត្តិជាច្រើនមុខ តម្លៃដីធ្លីនៅតាមផ្លូវក្រវាត់ក្រុងទី៣ មានស្ថានភាពមិនសូវជាល្អប៉ុន្មានទេ ដោយសារតែផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ដែលបានធ្លាក់ចុះ។ ប៉ុន្តែ ក៏នៅមានតំបន់ខ្លះ ដែលមានតម្លៃធូរថ្លៃ ហើយអាចជាជម្រើសនៃការពិចារណាវិនិយោគបាន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី២៦ ខែតុលា ឆ្នា២០២២នេះថា តម្លៃដីធ្លីក្រវាត់ក្រុងទី៣ នៅតំបន់ភាគខាងត្បូង នៃទីក្រុងភ្នំពេញមានចន្លោះពី៧០ ទៅ៨០ដុល្លារក្នុងមួយមែត្រការ៉េ។ ចំណែកតំបន់អរិយក្សត្រ មានតម្លៃចន្លោះពី៥៥ ទៅ៦០ដុល្លារក្នុងមួយមែត្រការ៉េ។

លោកបានបញ្ជាក់ថា “តាមការសង្កេត មានតំបន់មួយដែលតម្លៃដីធ្លីនៅមានភាពធូរថ្លៃ គឺតំបន់ភាគខាងជើង ដែលសព្វថ្ងៃនេះមានចន្លោះពី៤០ទៅ៦០ដុល្លារក្នុងមួយមែត្រការ៉េ”។ លោកបន្តថា “នៅក្នុងតំបន់មួយចំនួន​ននៅក្នុងខេត្តកណ្តាល ឆៀងខេត្តកំពង់ស្ពឺ ក៏មានតម្លៃធូរថ្លៃផងដែរ ដោយស្ថិតនៅចន្លោះពី២០ ទៅ៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

លោកច្រឹក សុខនីមបានបន្ថែមទៀតថា ស្ថានភាពតម្លៃដីធ្លីនៅតាមផ្លូវក្រវាត់ក្រុងទី៣ អាចនឹងមានការកើនឡើងនាពេលអនាគត ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ហាក់មិនមានការកើនឡើងនោះទេ តែក៏មិនបានធ្លាក់ចុះខ្លាំងដែរ ដោយស្ថិតនៅក្នុងសភាពទ្រឹងនៅឡើយ។

លោកសង្កត់ធ្ងន់ថា “នាពេលខាងមុខតម្លៃដីអាចកើនឡើង តែនាពេលបច្ចុប្បន្ននេះ វានៅប្រឈមបន្តិច ដោយសារទីផ្សារអចលនទ្រព្យមិនសូវជាល្អ”។ លោកបន្តថា “វាប្រឈមខ្លះ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវជាល្អ អញ្ចឹងភាគរយនៃការរៀបចំ និងចាត់ចែងមានកម្រិតផងដែរ”។

លោកបញ្ជាក់បន្ថែមថា “ឱ្យវាឡើងថ្លៃតែម្តង ដូចជាអត់ទេ តម្លៃវានៅនឹង នាពេលបច្ចុប្បន្ននេះ”។

ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយ របស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។

គម្រោងក្រវាត់ក្រុងទី៣ គ្រោងបញ្ចប់នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ ប៉ុន្ដែត្រូវបានបន្ថែមពេលវេលា សាងសង់រយៈពេល១ឆ្នាំទៀត ដោយសារផ្លូវក្រវាត់ក្រុងទី៣នេះ ជាគម្រោងដ៏ស្មុគស្មាញមួយ និងត្រូវការដោះស្រាយផលប៉ះពាល់ជាច្រើន ហើយគួបផ្សំជាមួយវិបត្តិជំងឺកូវីដ-១៩។

ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណ៥២,៩គីឡូ​ម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល ប្រវែងជិត៣៨គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.៕

LEAVE A REPLY

Please enter your comment!
Please enter your name here