ដោយៈ សុផារី
សៀមរាបៈ អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការអាងពិពរណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២។
គម្រោងនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ ក្រោយបញ្ចប់ជាស្ថាពរដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២។
-->
តាមការបញ្ជាក់របស់ក្រុមហ៊ុន អាងពិពណ៌ត្រីនេះមានទំហំបរិមាណទឹកប្រមាណ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស និងមានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ ។ល។

អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A ក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយ ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។
សួនឧទ្យាននេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប រួមមាន បង្កើនរយៈពេលស្នាក់នៅសំរាប់ភ្ញៀវទេសចរណ៍ ដែលមកលេងខេត្តសៀមរាប បង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប និងជាសួនកំសាន្តលំដាប់ស្ដង់ដារ អន្តរជាតិ ដែលចូលរួមចំណែកក្នុងវិស័យអប់រំ ផ្តោតលើបរិស្ថាន និងការអភិរក្ស ព្រមទាំងអភិរក្សសត្វ ដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជផងដែរ។

បន្ថែមលើសនេះ ក៏បានផ្តល់ការងារដោយប្រយោល ដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរ តាក់ស៊ី ផាសអែប (PassApp) និងមគ្គុទេសទេសចរជាដើម និងផ្ដល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ ដំណាំអំពៅ ឬស្សី ដូង ចេក។ល។ ក្រៅពីការទស្សនាកំសាន្តនៅក្នុងឧទ្យាន ក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជ្ជនីយ៏ដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។
បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ ក្រុមហ៊ុននឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់ លើផ្ទៃដីសរុប១០០ហិចតាផងដែរ៕
