ដោយៈ លក្ខិណា
ភ្នំពេញៈ ក្នុងរយៈពេល៩ខែ២៥ថ្ងៃនៃឆ្នាំ២០២២នេះ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទមានប្រមាណ២.៩៣០លានដុល្លារអាមេរិក។
លទ្ឋផលនេះ គឺសម្រេចបាន១០៤ភាគរយ នៃការផែនការប្រចាំឆ្នាំ ២០២២នេះទៅហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនៅល្ងាចថ្ងៃទី២៦តុលា ២០២២។
-->
លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា ជោគជ័យនៃការប្រមូលចំណូលពន្ធជាបន្តបន្ទាប់ គឺបណ្ដាលមកពីការខិតខំប្រឹងប្រែង អនុវត្តន៍តួនាទីភារកិច្ចប្រកបដោយឆន្ទៈ មោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់ ជាពិសេសក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានភាពកូវីដ១៩ បានជោគជ័យ និងអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ហើយបានសង្គ្រោះប្រជាពលរដ្ឋកម្ពុជា និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ បានទាន់ពេលវេលា ដែលជំរុញឱ្យកម្ពុជា អាចបើកប្រទេសឡើងវិញកាលពីខែវិច្ឆិកា២០២១កន្លងទៅ ។

លោកបន្តថា “ទោះបីជាក្នុងបដិការ ដ៏លំបាកនៃជំងឺកុវីដ១៩ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ព្រមទាំងវិធានការបុរេសកម្មនានា បានជំរុញ និងធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ” ។លោកបន្តថា “អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តកំណែទម្រង់ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ គ្រោងនឹងកើនឡើងធៀបនឹងឆ្នាំ២០២២ ខណៈនៅមានការផ្ដល់ផ្ដល់ជូននូវការលើកទឹកចិត្ត ផ្នែកពន្ធដារសម្រាប់វិស័យមួយចំនួន”។
តាមរយៈចំណូលពន្ធដែលកម្ពុជាទទួលបាននេះ ធ្វើឱ្យរដ្ឋាភិបាលនូវតែមានលទ្ធភាព ក្នុងការចាត់ចែងការចំណាយរបស់ខ្លួនចាំបាច់នានា និងអាចសន្សំថវិកាបាន សម្រាប់វិនិយោគសាធារណៈមួយចំនួនផងដែរ ដូចជាការសាងសង់ហេដ្ឋារចនាស្ព័ម្ព័ន្ធនានា ដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស ចាត់ចែងចំនាយទៅលើប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយកូវីដ១៩ និងជាពិសេសគ្រោះទឹកជំនន់ ដែលទើបកើតឡើងថ្មីៗនេះផងដែរ៕
