ដោយៈ សុខុម
តូក្យូ: គណៈប្រតិភូសភាអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន បានកោតសរសើរជប៉ុន មិនដាច់ពីមាត់កាលពីថ្ងៃពុធ ទី២៦ ខែតុលា ថាជាប្រទេសឈានមុខគេក្នុងពិភពលោក ខាងកសាងប្រទេសឡើងវិញ។
គណៈប្រតិភូនេះបានលើកឡើងថា ចំណេះ និងជំនាញដ៏ច្បាស់លាស់កម្ររកបានរបស់់ជប៉ុន ផ្នែកស្ដារ និងកសាងប្រទេសឡើងវិញក្រោយគ្រោះមហន្តរាយ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់់់ ចំពោះអ៊ុយក្រែន នៅពេលខ្លួនចាប់ផ្ដើមដំណើរការ កសាងប្រទេសឡើងវិញនៅទីបញ្ចប់ បន្ទាប់ពីភ្លើងសង្គ្រាមជាមួយរុស្ស៊ី រលត់។
លោកស្រីបណ្ឌិត Galyna Mykhailiuk ដែលជាមេធាវី និងជាសហប្រធាននៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-អ៊ុយក្រែន បានកោតសរសើរជប៉ុនថា ជាប្រទេសឈានមុខគេក្នុងពិភពលោក ផ្នែកខាងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ មិនថាជាគ្រោះធម្មជាតិ សង្គ្រាម ឬពាក់ព័ន្ធនឹងនុយក្លេអ៊ែរ ហើយថា ចំណេះ និងជំនាញនេះ ជាអ្វីដែលប្រទេសអ៊ុយក្រែន អាចរៀនសូត្រតាម ខណៈអ៊ុយក្រែន គ្រោងរៀបចំស្ដារ និងកសាងប្រទេសឡើងវិញនៅពេលអនាគត។
លោកស្រីបណ្ឌិតរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯក្លឹបសារព័ត៌មានជាតិជប៉ុន (Japan National Press Club) នាកណ្ដាលទីក្រុងតូក្យូថា “យើងទន្ទឹងរង់ចាំការផ្លាស់ប្ដូរព័ត៌មាន និងចំណេះជំនាញគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងរឿងនេះ”។
ដូចដែលយើងធ្លាប់បានដឹងហើយថា ប្រទេសជប៉ុន ទទួលបានភាពជោគជ័យ គួរឱ្យស្ញើចសរសើរនៅក្នុងការស្ដារ និងកសាងឡើងវិញនូវទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនានារបស់់ខ្លួន ក្រោយចាញ់សង្គ្រាមលោកលើកទី២ ព្រមទាំងក្រោយគ្រោះមហន្តរាយ ដ៏កំណាចដូចជាគ្រោះរញ្ជួយដីនៅ Hanshin ក្នុងឆ្នាំ១៩៩៥ និងគ្រោះរញ្ជួយដី ដែលបង្កឱ្យមានរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១ នៅតំបន់ Tohoku ផងដែរ។
គណៈប្រតិភូសសភាអ៊ុយក្រែននេះ បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី១៥ ខែតុលា មកម៉្លេះ។
អំឡុងសន្និបាតមួយ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ដែលរៀបចំឡើងរួមគ្នា ដោយក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 (កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក) និងសហភាពអឺរ៉ុប នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ទី២៦ ខែតុលា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គឺស៊ីដា (Fumio Kishida) បានសន្យាថា នឹងបង្កើនការផ្ដល់ជំនួយជាសម្ភារៈ និងជំនួយគាំទ្រក្នុងទម្រង់ផ្សេងៗទៀត រួមទាំងចំណេះជំនាញ និងភាពខ្លាំងគ្មានពីរបស់ជប៉ុន នៅក្នុងការស្ដារ និងកសាងប្រទេសឡើងវិញផងដែរ៕ Japan Times៕