ផ្លូវក្រវាត់ក្រុងទី៣សម្រេចវឌ្ឍនភាពបាន៧៧ភាគរយនិងសង់ស្ពានឆ្លងកាត់ផ្លូវជាតិសម្រេចបាន៨៨ភាគរយហើយ

0

ដោយ៖ សុផារី

ភ្នំពេញ ៖ ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន៧៧% រួមទាំងស្ពានឆ្លងកាត់ទន្លបាសាក់ ឆ្លង​កាត់​ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្រេចបាន៨៨% ។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ​កន្លង​មក​របស់​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧​ ខែតុលា ឆ្នាំ​២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ថា ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន៧៧% រួមទាំងស្ពានឆ្លងកាត់ទន្លបាសាក់ ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ២ និងផ្លូវជាតិលេខ២២ សម្រេចបាន៨៨% ។

ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់​ទៅ​កាន់​ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយ​នឹង​ប្រែក្លាយ​ទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​រវាង​រាជ​ធានី​ភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយ​ឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ពិសេស​ជាង​នេះទៅទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់​កំពង់ផែ​ស្វ័យត​ភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ និង​ផ្លូវ​របៀង​សំខាន់​ៗ ជារបៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង របស់​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ។

គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាល​ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃជាង២៦៧លានដុល្លារអាមេរិក និង​អនុវត្ត​ការងារ​ត្រួត​ពិនិត្យ​គម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃជាង៥លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here