ដោយ៖ សុផារី
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការមិនសប្បាយចិត្តខ្លាំង ចំពោះការពន្យារពេលម្តងហើយម្តងទៀត របស់ក្រុមហ៊ុនសាងសង់ហាន់ស៊ីនរបស់កូរ៉េ ដែលបានស្នើសុំពន្យារពេលម្តងទៀតគម្រោងផ្លូវជាតិលេខ២ និង២២ ដល់ខែ៥ ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ២ និង២២ ដែលសាងសង់ដោយក្រុមហ៊ុនហាន់ស៊ីនរបស់កូរ៉េ ត្រូវពន្យារពេលម្តងទៀត ខណៈក្រុមហ៊ុនស្នើសុំបញ្ចប់រហូតដល់ខែ៥ ឆ្នាំ២០២៣។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងទាំងមិនសប្បាយចិត្តចំពោះការពន្យារពេលម្តងហើយម្តងទៀត របស់ក្រុមហ៊ុនសាងសង់មួយនេះ។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនយឺតយ៉ាវ ដំបូងសន្យានឹងបញ្ចប់នៅខែ៨ ឆ្នាំ ២០២២ រហូតថ្ងៃ២៧ ខែតុលា ឆ្នាំ២០២២ នៅមិនទាន់ចប់នៅឡើយ។ ក្រុមហ៊ុនស្នើសុំម្តងទៀតរហូតដល់ខែ៥ ឆ្នាំ ២០២៣។ ក្រសួងកំពុងពិនិត្យពិចារណា តើការពន្យារពេលនេះសមស្របតាមបច្ចេកទេសឬទេ?”។
កន្លងមក កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំជាមួយលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីដោះស្រាយបញ្ហាការងារសាងសង់ផ្លូវជាតិទាំងពីរនេះ។ ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រីបានជំរុញដល់ក្រុមហ៊ុនសាងសង់ត្រូវពន្លឿនអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសាងសង់ដែលបានកំណត់នៅក្នុងសៀវភៅបន្ទុកការងារ។
ផ្លូវជាតិលេខ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ខណៈផ្លូវជាតិលេខ២២មានប្រវែងសរុបចំនួន៩,៦១គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ៣។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវជាតិទាំងពីរខ្សែនេះ សាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd. ត្រូតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Joint Venture of Dasan Consultants Co., Ltd, ក្រុមហ៊ុន Dong II Engineering Consultants Co., Ltd. និងក្រុមហ៊ុន Seoyoung Engineering Co., Ltd. ៕