ដំណឹងល្អ ក្រសួងសាធារណការបង្ហើបពេលវេលាសាងសង់ផ្លូវល្បឿនលឿនទី២ពីភ្នំពេញទៅបាវិតហើយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិត គ្រោងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ ប្រសិនបើការចរចារសម្បទានពីរដ្ឋាភិបាលចិនទទួលបានជោគជ័យ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង គណៈកម្មការអន្តរក្រសួង កំពុងពិនិត្យជំរុញការចរចា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ ពីរាជធានីភ្នំពេញទៅក្រុងបាវិត។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា ក្រសួង​កំពុង​ប្រញាប់ប្រញាល់​បញ្ចប់​នីតិវិធី​ ហើយការ​មក​ដល់​មេដឹកនាំ​ចិន​មកប្រជុំ​អាស៊ាននៅ​រាជធានីភ្នំពេញ អាច​នឹង​ឈាន​ទៅ​ការ​ចុះកិច្ច​ព្រមព្រៀង​លើ​គម្រោង​សាងសង់​ផ្លូវ​មួយនេះ។

លោកមានប្រសាសន៍ថា “កិច្ចព្រមព្រៀងក្របខណ្ឌ  Framework agreement យើងបានធ្វើចប់សព្វគ្រប់ហើយ ឥឡូវនេះ ប៉ុន្មានថ្ងៃទៀតនេះយើងខ្ញុំកំពុងតែដុតដៃដុតជើង គណៈកម្មការអន្តរក្រសួងកំពុងចរវារឲ្យបានខិតខំប្រឹងប្រែងចរចាកិច្ចព្រមព្រៀងសម្បទាន ដើម្បីចុះហត្ថលេខានៅថ្ងៃទី៩ ខែ១១ខាងមុខ ពីនាយករដ្ឋមន្ត្រី លីឃឺឈាង នៅពេលលោកធ្វើទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន”។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ដល់គណៈកម្មការអន្តរក្រសួង ឲ្យខិតខំប្រឹងប្រែង ធ្វើយ៉ាងណាចរចាបញ្ចប់ ដើម្បីឈានទៅកាន់ការបើកការដ្ឋានសាងសង់ នៅក្នុងខែ០៦ ឆ្នាំ២០២៣ បើយោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន។

 

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) មានប្រវែងសរុបប្រហែល ១៣៥គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here