ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ រដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរជាគោលដៅអភិវឌ្ឍន៍ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីភ្នំពេញទៅកាន់តំបន់ឆ្នេរ និងនៅក្នុងតំបន់នោះផ្ទាល់តែម្ដង។ ជាក់ស្ដែង នៅក្នុងខេត្តកំពត និងកែប រដ្ឋាភិបាលបានសិក្សាចប់សព្វគ្រប់នូវផ្លូវ៣ខ្សែបន្ថែមទៀត ហើយគ្រោងនឹងចាប់ផ្ដើមបើកការដ្ឋាន នៅពេលឆាប់ៗនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឱ្យដឹងថា ផ្លូវ៣ខ្សែតភ្ជាប់ទៅកាន់ខេត្តកំពត និងកែប រួមមាន ទី១គឺ ផ្លូវលេខ៤១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ទី២គឺ ផ្លូវជាតិលេខ៣១ តភ្ជាប់ពីផ្លូវលេខ៣ ត្រង់ចំណុចបែកគុស ទៅស្រុកកំពង់ត្រាចខេត្តកំពត និងផ្លូវមួយខ្សែទៀតគឺ ផ្លូវជាតិលេខ៣៣ តភ្ជាប់ពីស្រុកកំពង់ត្រាចកាត់ខេត្តកែប ទៅភ្ជាប់ទីរួមខេត្តកំពត។
-->

លោកឱ្យដឹងថា រដ្ឋាភិបាលបានបញ្ចប់សព្វគ្រប់ហើយ ដោយរង់ចាំសម្តេចតេជោ ហ៊ុន សែន មានពេលវាលា គ្រប់គ្រាន់នឹងបើកការដ្ឋានសាងសង់តែម្ដង។
លោកបានមានប្រសាសន៍ថា “ផ្លូវទាំងបីនេះ យើងមានថវិកាគ្រប់គ្រាន់ហើយ សម្រាប់សាងសង់និងជួសជុល ដូច្នេះយើងអត់មានអ្វីត្រូវរង់ចាំទេ គឺចាំតែពេលវេលាសមស្របប៉ុណ្ណោះ ហើយផ្លូវទាំងនេះដែរ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ទៅតាមស្ថានភាពជាក់ស្ដែង”។
លោកបន្តទៀតថា “ការសាងសង់ផ្លូវទាំងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរទៅទស្សនា និងកម្សាន្តនៅតំបន់ឆ្នេរតំបន់សមុទ្រ ដែលខេត្តទាំងពីរជាខេត្តជាប់គ្នា ដូច្នេះភ្ញៀវទេសចរ ទៅលេងកំពត អាចហូសទៅលេងកែប ឬភ្ញៀវទៅលេងកែប ក៏អាចហួសទៅលេងកំពតបានដូចគ្នា”។

ទន្ទឹមនឹងផ្លូវទាំងបីខ្សែនេះដែរ ខេត្តកំពតក៏មានកំពង់ផែទឹកជ្រៅ ដែលកំពុងសាងសង់ និងមានការវិនិយោគលើតំបន់កោះ ពីសំណាក់វិនិយោគិនឯកជន ដែលជាការសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅលេងកំពតកែប អាចបង្ហួសទៅលេងកោះ ដែលមានក្នុងខេត្តទាំងពីរនេះផងដែរ។
តាមរយៈការអភិវឌ្ឍផ្លូវជាច្រើនខ្សែតភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តកំពត កែប និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែនៅក្នុងខេត្តនេះដែរ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក៏បាននិងកំពុងមមាញឹកជាមួយនឹងពង្រីកគម្រោងរបស់ខ្លួន ជាពិសេស គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ លំនៅឋាន និងគម្រោងដីឡូតិ៍លំហែកាយ សម្រាប់ផ្គត់ផ្គង់ជូនពលរដ្ឋ ដែលមានតម្រូវការសម្រាប់ទិញវិនិយោគ ឬទិញសម្រាប់ទុកអភិវឌ្ឍន៍ ដោយខ្លួនឯង៕
