​ក្រសួង​សាធារណការ​គ្រោង​ប្រើប្រាស់​បច្ចេកវិទ្យា​​ស្កេន​ស្លាក​លេខ​រថយន្ត​ ដោយ​មិន​បាច់​ឈប់​បង់​លុយ​លើ​ផ្លូវ​ល្បឿនលឿន​ទៅ​ខេត្តព្រះសីហនុ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​បាននិង​កំពុង​សិក្សា​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ដែល​អាច​ស្កេន​លើ​ស្លាក​លេខ​រថយន្ត​ ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿនលឿន​ទៅ​ខេត្តព្រះសីហនុ ដោយ​មិន​បាច់​ឈប់​បង់​លុយ ​ដែលនាំ​ឱ្យកក​​ស្ទះ​ខាត​ពេល​ដូច​មុន​ទៀត​ទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន បាននិងកំពុងតែ​ប្រឹង​ប្រែង​ ដើម្បី​សម្រួល​នីតិវិធី​កាន់​តែងាយស្រួល ដោយសារ​កន្លងទៅ​កើត​មានការ​កកស្ទះ​នៅ​ពេល​រថយន្ត​ច្រើន​ធ្វើ​ដំណើរព្រមគ្នា​នៅ​បញ្ជរ​បង់​លុយ​។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “ពេល​រថយន្ត​ឆ្លង​កាត់ ​កាមេរ៉ានឹង​ចាប់​​ស្កេន​លេខ​រថយន្តហើយ​ឆែក​ដឹង​មានលុយ ​ឬ​អត់លុយ ​ចឹង​ទេ​មិន​បាច់​ឈប់​ចាំបង់លុយ​​ទៀត​ទេ”។

លោក​ថា តាមរយៈ​បច្ចេកវិទ្យានេះ រាល់​រថយន្តដែលធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​បង់​លុយ​អាច​ស្កេន​លើ​ស្លាក​រថយន្ត​ ដោយនឹង​​កាត់​យកទឹកប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿន​ទៅ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​​អ្នកប្រើប្រាស់​អាច​ទិញ​កាត​អេឡិចត្រូនិក​ ETC ​សម្រាប់​ទូទាត់​​ជួយ​ឱ្យ​ចំណេញ​ពេលវេលា ​ដោយ​មិនចាំបាច់​ឈប់​ពេល​ដល់​កន្លែង​បញ្ជរ​បង់​ប្រាក់។ ពេល​ចាក​ចេញ​នៅ​កន្លែង​ប្ដូរ​ទិស ​ម៉ាស៊ីន​​នៅ​តាម​បញ្ជរ​បង់ប្រាក់​នឹង​គិត​តម្លៃ​ធ្វើ​ដំណើរ​ដោយ​ស្វ័យ​ប្រវត្តិ។

ក្នុង​ករណី​គ្មាន​កាត​អេឡិច​ត្រូនិក ​ETC ​បុគ្គលិក​នៅ​តាម​ច្រកចូលនឹង​ផ្តល់​កាត​១ឱ្យ​ម្ចាស់​យាន​យន្ត។ ពេល​ធ្វើដំណើរ​ចាក​ចេញ​ច្រកណា​មួយ ​បុគ្គលិក​នៅ​តាម​បញ្ជរ​នឹង​យក​កាត​នោះ​ទៅ​ឆូត​តាម​កុំព្យូទ័រ ​និង​បង្ហាញ​ពី​តម្លៃ​ត្រូវ​ទូ​ទាត់។ អ្នក​ធ្វើដំណើរ​អាច​ទិញ​កាត​អេឡិចត្រូនិក ETC​ ​នៅតាម​ធនាគារ​ដៃគូរបស់​ក្រុមហ៊ុន​សាង​សង់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here