ដោយ:លាងហួរ
ប៉េកាំង: ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានមានប្រសាសន៍ថា ប្រទេសចិន និងសហរដ្ឋអាមេរិកត្រូវតែ ស្វែងរកមធ្យោបាយចុះសម្រុងគ្នាដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីលោកស៊ី នឹងកាន់អំណាចនៅអាណត្តិទី៣បន្ត។
ប្រទេសចិន និងសហរដ្ឋអាមេរិក មានទំនាស់នឹងគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះលើបញ្ហាជាច្រើន ដូចជា បញ្ហាកោះតៃវ៉ាន់ និងការចោទប្រកាន់របស់អាមេរិក ទៅលើចិនជុំវិញការរំលោភបំពានសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង និងបញ្ហាហុងកុងផងដែរ។
ទីក្រុងវ៉ាស៊ីនតោន ក៏បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានគាំទ្រផ្នែកការទូតដល់ការលុកលុយរបស់ប្រទេសរុស្ស៊ី លើអ៊ុយក្រែនផងដែរ។
លោកស៊ី ជីនពីងបានថ្លែងប្រាប់អង្គការមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កថា ក្នុងនាមជាប្រទេសមហាអំណាចធំៗ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងជួយបង្កើនស្ថិរភាព និងភាពប្រាកដប្រជារបស់ពិភពលោក និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។
លោកស៊ី ជីនពីងបានបន្ថែមថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ការគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងស្វែងរកមធ្យោបាយដើម្បីចុះសម្រុងគ្នាក្នុងយុគសម័យថ្មីនេះ។
លោកស៊ីបានសរសេរថា “ការធ្វើដូច្នេះ នឹងមិនត្រឹមតែផ្តល់ផលល្អសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកផងដែរ”។
រដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកចូ បៃដិនបានប្រកាសនៅក្នុងខែតុលានេះថា ប្រទេសចិនគឺជាដៃគូប្រកួតប្រជែងតែមួយគត់របស់សហរដ្ឋអាមេរិក ដោយទីក្រុងប៉េកាំងមានចេតនា ក្នុងការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ ហើយប្រទេសចិនមានអំណាចផ្នែកសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យាកាន់តែខ្លាំងឡើង៕