ADBសន្យាផ្តល់ហិរញ្ញប្បទាន៤០០លានដុល្លារបន្ថែមដល់កម្ពុជាដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងផ្ដល់ហិរញ្ញប្បទានចំនួន៤០០លានដុល្លារអាមេរិក បន្ថែមទៀតដល់កម្ពុជាសម្រាប់ជួយកម្ពុជា ក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិ។

នេះបើតាមអគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើង ក្នុងជំនួបជំនួបពិភាក្សាជាមួយលោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៧ តុលា២០២២។

លោក  Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ីបានសំដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ បានល្អប្រសើរ គួរជាទីកត់សម្គាល់របស់ពិភពលោក។

លោកបន្តថា “ADB ប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រ ដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូឆ្នាំ២០២៤-២០២៨”។

លោកWinfried F. Wicklein បន្តថា ADB គ្រោងនឹងផ្តល់ហិរញ្ញ   ប្បទានក្នុងទំហំទឹកប្រាក់១០០ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០ផងដែរ។

ក្នុងទិសដៅនេះ ADB បានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនក្នុងតំបន់ ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជា តាមរយៈយន្តការខាងលើនេះ។លើសពីនេះADB នឹងបង្កើនកិច្ចប្រតិបត្តិការដើម្បី ជួយដល់វិស័យឯកជនថែមទៀត។

លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុមានប្រសាសន៍ថា ចាប់តាំងពីដើមទសវត្សឆ្នាំ៩០ រហូតមកទល់នឹងពេលនេះ ពិសេសការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។  ADB គឺជាដៃគូដ៏សំខាន់និងជាទីទុកចិត្ត ហើយជាដៃគូអភិវឌ្ឍន៍ធំលំដាប់ទី២របស់កម្ពុជា និងស្ថិតនៅលំដាប់ទី១ ប្រសិន​បើគិតជាស្ថាប័នហិរញ្ញវត្ថុពហុភាគីវិញ។

លោកបញ្ជាក់ថា “កម្ពុជាពិតជាពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូកន្លងមក”។

លោកក៏បានថ្លែងអំណរគុណ ជាពិសេសដល់ADB ដែលបានវិភាជន៍នូវកញ្ចប់ហិរញ្ញប្បទាន ប្រមាណ៤០០លានដុល្លាអាមេរិក បន្ថែមពីលើកញ្ច​ប់ហិរញ្ញប្បទាន ដែលបានគ្រោងចំនួន៤៨០លានដុល្លាអាមេរិក សម្រាប់ឆ្នាំ២០២៣ និង២០២៤។

ក្រៅពីការផ្លាស់ប្តូរមតិលើស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលពិភពលោក តំបន់ និងកម្ពុជាបាននិងកំពុងជួបប្រទះ ភាគីទាំងពីរក៏បានពិភាក្សា អំពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង ADB ៕

LEAVE A REPLY

Please enter your comment!
Please enter your name here