ដោយៈ សុខុម
អាមេរិកៈ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google នៅសប្ដាហ៍នេះបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងសម្បើម នូវប្រាក់ចំណេញរបស់ខ្លួន។ ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម ដូចជា ក្រុមហ៊ុន Meta ជាដើមនិយាយថា ការលក់ Ad ពាណិជ្ជកម្មដែលជាអាជីវកម្មស្នូលរបស់ខ្លួន ក៏បានដាំក្បាលចុះខ្លាំងស្រឺតៗដែរ។
ទន្ទឹមនេះ Microsoft ដែលប្រហែលជាក្រុមហ៊ុន មានស្ថានភាពល្អជាងគេបំផុត នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ក៏បានព្យាករពីការដាំក្បាលចុះនូវប្រាក់ចំណេញរបស់ខ្លួនផងដែរ។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា។
-->
បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា បានជួយត្រួសត្រាយផ្លូវសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ហើយក៏បានជួយជំរុញឱ្យទីផ្សារភាគហ៊ុន ហក់ឡើងខ្ពស់មិនធ្លាប់មានផងដែរអំឡុងវិបត្តិកូវីដ-១៩។

ទោះជាយ៉ាងណា នៅពេលនេះស្របពេលអតិផរណា បានហក់ឡើងខ្ពស់ ហើយអត្រាការប្រាក់ ក៏ចេះតែកើនឡើងអត់ឈប់ឈរ សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗបំផុតទាំងនេះ ក៏កំពុងបញ្ជូនសញ្ញាបង្ហាញឱ្យដឹងដែរថា ស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់កំពុងតែស្ថិតនៅខាងមុខ។
សរុបមក ក្រុមហ៊ុនធំៗទាំងនេះ ក៏កំពុងតែជួបបញ្ហាមិនខុសពីអាជីវកម្មផ្សេងៗទៀតប៉ុន្មានឡើយ។ ដោយមើលឃើញការចំណាយរបស់អ្នកប្រើប្រាស់កើនឡើងយ៉ាងគំហុកអំឡុង វិបត្តិកូវីដ-១៩ ក្រុមហ៊ុនទាំងនេះបានបង្កើនការវិនិយោគយ៉ាងច្រើន ដើម្បីបំពេញឱ្យទាន់តម្រូវការ។
ទោះជាយ៉ាងណា ពេលនេះខណៈការចំណាយរបស់អ្នកប្រើប្រាស់ថយចុះ ក្រុមហ៊ុនទាំងនេះក៏កំពុងតែព្យាយាម កែប្រែស្ថានការណ៍ទៅតាមនោះដែរ ប៉ុន្តែវាមិនងាយស្រួលឡើយ។
តួយ៉ាង ក្រុមហ៊ុន Amazon ដែលមានបុគ្គលិក៧៩៨.០០០នាក់នៅដើមឆ្នាំ២០២០ កំពុងតែចាប់ផ្ដើមរឹតបន្តឹង ការពង្រីកប្រតិបត្តិការឃ្លាំងរបស់ខ្លួន ដោយផ្អាកប្រើប្រាស់អគារមួយចំនួន ផ្អាកការជួល និងពន្យារផែនការបើកដំណើរការឃ្លាំងថ្មីៗជាដើម។
ក្រុមហ៊ុននេះ ក៏កំពុងជួបបញ្ហាចំណាយលើបុគ្គលិកផងដែរ ព្រោះគិតត្រឹមត្រីមាសទី២ដើមឆ្នាំនេះ បុគ្គលិករបស់ខ្លួនបានកើនឡើងដល់១,៥២លាននាក់ទៅហើយ។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា គេរំពឹងថាក្រុមហ៊ុន Apple នឹងប្រកាសទទួលបាន ប្រាក់ចំណេញជាង២០ពាន់លានដុល្លារ នៅក្នុង១ត្រីមាស។ ទោះជាយ៉ាងណា លទ្ធផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះកំពុងតែបង្ហាញសញ្ញាចុះខ្សោយ ហើយពួកគេមិនទាន់បានរកឃើញគំនិតអាជីវកម្មថ្មីៗ ដែលទទួលបានប្រាក់ចំណេញនៅឡើយទេ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។
ទោះបីជាច្រើនឆ្នាំមកនេះខ្លួន បានបោះទុនវិនិយោគលើអាជីវកម្មថ្មីៗយ៉ាងណាក្ដី ក៏ក្រុមហ៊ុន Google និងក្រុមហ៊ុន Meta នៅតែពឹងផ្អែកខ្លាំងលើការលក់ Ad ពាណិជ្ជកម្មដដែល ចំណែកឯទូរស័ព្ទ iPhone ដែលបានបង្កភាពរំជើបរំជួល ក្នុងឧស្សាហកម្មបច្ចេកវិទ្យា ក្នុងរយៈពេល១៥ឆ្នាំមកនេះ ក៏នៅតែជាផលិតផលដ៏សំខាន់ ដែលជំរុញប្រាក់ចំណេញរបស់ក្រុមហ៊ុនApple ដដែល។
កត្តាទាំងនេះបានធ្វើឱ្យក្រុមហ៊ុនមួយចំនួន ក្នុងចំណោមក្រុមហ៊ុនទាំងនោះងាយរងគ្រោះ ដោយសារការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច។
ទន្ទឹមនេះ ក្រុមហ៊ុន Youtube របស់ Google ហើយ Facebook និង Instagram របស់ក្រុមហ៊ុន Meta ក៏កំពុងតែដាំក្បាលចុះខ្លាំង ខណៈក្រុមហ៊ុន TikTok ដែលជាក្រុមហ៊ុនដ៏ក្មេងខ្ចីរបស់ចិន កំពុងតែឡើងកូតស្រឺតៗ។
ក្រុមហ៊ុន Meta បាននិយាយកាលពីថ្ងៃពុធ ទី២៦ ខែតុលា ថា ប្រាក់ចំណេញរបស់ខ្លួន នៅក្នុងត្រីមាសចុងក្រោយនេះ បានធ្លាក់ចុះរហូតដល់ទៅជាង៥០% បើធៀបទៅនឹងមួយឆ្នាំមុន។
អាជីវកម្មរបស់់ក្រុមហ៊ុនផ្សេងៗទៀត បានដាំក្បាលចុះកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត តួយ៉ាងដូចជាទីផ្សាររូបិយប័ណ្ណឌីជីថលជាដើម ដោយក្នុងនោះ Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុត បានធ្លាក់ថ្លៃហៅមិនឮរហូតដល់ទៅ២ភាគ៣។
ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីប ក៏កំពុងតែជួបការលំបាកមិនខុសគ្នាប៉ុន្មានដែរ៕ Japan Times៕
