ដោយ: លាងហួរ
ហ្សាការតា: ប្រទេសឥណ្ឌូណេស៊ី គ្រោងបន្តកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន ជាមួយប្រទេសសិង្ហបុរីក្នុងរយៈពេល៥ឆ្នាំ នេះបើយោងតាមរដ្ឋមន្ត្រីថាមពលលោក Arifin Tasrif បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះ ប៉ុន្តែបរិមាណចែកចាយនឹងត្រូវបានកាត់បន្ថយ។
កិច្ចសន្យាបច្ចុប្បន្ន ចំពោះបំពង់បង្ហូរឧស្ម័នធម្មជាតិGrissik-Batam-Singapore នឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ។
-->

លោកTasrif បានប្រាប់សារពត៌មានរ៉យទ័រ កាលពីសប្តាហ៍មុនថាកិច្ចសន្យាថ្មីនេះ អាចត្រូវបានចុះហត្ថលេខានៅដើមសប្តាហ៍ក្រោយ ហើយក្រោមកិច្ចសន្យាថ្មីនេះ ប្រទេសឥណ្ឌូណេស៊ី ទំនងជាផ្គត់ផ្គង់បរិមាណឧស្ម័នទាបជាងមុនដល់ប្រទេសសិង្ហបុរី។
លោក Tasrif បានថ្លែងដោយមិនបញ្ជាក់លម្អិតថា ការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសសិង្ហបុរី បណ្តាលមកពីតម្រូវការក្នុងស្រុកក៏កំពុងកើនឡើងផងដែរ ចំណែកឯអណ្តូងឧស្ម័នក៏កំពុងជិតអស់ដែរ។
ដោយឡែក លោក Dwi Soetjipto ប្រធាននិយតករប្រេង និងឧស្ម័ន SKK Migas នៃប្រទេសឥណ្ឌូណេស៊ី បានប្រាប់អ្នកសារព័ត៌មានថា បរិមា ណផ្គត់ផ្គង់អាចនឹងធ្លាក់ចុះពី៣០ ទៅ៤០ភាគរយ ដោយសារឧស្សាហកម្មក្នុងស្រុក ដូចជាក្រុមហ៊ុនផលិតជីកំពុងត្រូវការឧស្ម័នបន្ថែមទៀត។

មន្ត្រីទាំង២រូបនេះបាននិយាយថា ប្រទេសប្រទេសឥណ្ឌូណេស៊ី នឹងទទួលបានតម្លៃល្អប្រសើរជាងមុន សម្រាប់កិច្ចសន្យាថ្មី ប៉ុន្តែមន្ត្រីទាំង២រូបនេះបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតឡើយ។
ចំណែកការផ្គត់ផ្គង់ឧស្ម័ន របស់ប្រទេសឥណ្ឌូណេស៊ីទៅកាន់ប្រទេសសិង្ហបុរី បានចាប់ផ្ដើមតាមរយៈបំពង់បង្ហូរប្រេង ប្រវែង៤៦៨គីឡូម៉ែត្រក្នុងឆ្នាំ២០០៣៕
