លោកបណ្ឌិតហ៊ុន ម៉ាណែតចាត់ទុកសហគ្រាសអាជីវកម្មជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត​បានថ្លែងថា សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា “ដូច្នេះគោលដៅសំខាន់ នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រ​កបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ”។

លោកបណ្ឌិតហ៊ុន ម៉ាណែតមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន។

លោកបណ្ឌិត ហ៊ុន ម៉ាណែតបានអះអាងថា មីក្រូ សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានសំខាន់ សម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅ​អនាគត ខណៈរាជរដ្ឋាភិបាលកំពុងជំរុញវិស័យមីក្រូ សហគ្រាសធុនតូច និងមធ្យមជាគោលដៅអាទិភាព ក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ លោកបណ្ឌិតហ៊ុន ម៉ាណែតក៏ថ្លែងអបអរសាទរដល់ជ័យលាភី CEO Master Club ឆ្នាំ២០២២ ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ប្រកបដោយសាមគ្គីភាព។

លោកបណ្ឌិត ក៏បានកោតសរសើរដល់សហគ្រិនកម្ពុជា ទាំងអស់ដែលបាន​ចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេស តាមរយៈការភ្ជាប់ទំនា​ក់ទំនងជាមួយពាណិជ្ជករ និងវិនិយោគិនអន្តរជាតិ និងការបង្ហាញអំពីចំណុ​ចវិជ្ជមានប្រកបដោយសក្តានុពលរបស់កម្ពុជា និងការចូលរួមទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស។

លោកបណ្ឌិត ហ៊ុន ម៉ាណែតក៏បានជំរុញឲ្យសហគ្រិន ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការជួយសហគ្រិនទាំងអស់ តាមរយៈបង្កលក្ខណៈឱ្យមានបរិយាកាសប្រកួតប្រជែង និងចូលរួមទាំងអស់គ្នា ក្នុងទីផ្សាសេរីប្រកប​ដោយតម្លាភាព និងទេពកោសល្យរៀងៗខ្លួន។

លោកបណ្ឌិតបានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បន្តខិតខំប្រឹង​ប្រែងក្នុងការរិះរកគ្រប់មធ្យោបាយ ​ក្នុងការសិក្សា​ស្រាវ​ជ្រាវ ដើម្បីរៀបចំការតម្រង់ទិសជាក់លាក់ ទាំងលើការពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ជាពិ​សេស​ការបណ្តុះបណ្តាលកម្រិតចំណេះទូទៅ និងបច្ចេកទេសវិជ្ជាជីវៈ (TVET) រួមទាំង​ការស្វែង​រកទី​ផ្សារ​ សម្រាប់ផលិតផលរបស់កម្ពុជានៅបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here