ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវសំខាន់ៗចំនួន២ខ្សែទៀត ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ទេសចរណ៍ពពីខេត្តក្រចេះ ទៅកាន់តំបន់រមណីយដ្ឋានសម្បូរព្រៃគុក ក្នុងខេត្តកំពង់ធំ។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ផ្លូវជាតិសំខាន់ៗនោះរួមមាន ផ្លូវលេខ៣៧៧ ដែលតភ្ជាប់ពីរង្វង់មូលខេត្តក្រចេះ ទៅសម្បួរ តាមដងទន្លេមេគង្គ ដើម្បីឲ្យភ្ញៀវទេសចរណ៍ទៅមើលផ្សោត ក្នុងខេត្តក្រចេះ និងសាងសង់ផ្លូវមួយខ្សែទៀត ដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ៧ គឺសាងសង់ផ្លូវ៣៧៧អាមួយខ្សែទៀត ដោយតភ្ជាប់ពីស្រុកសណ្តាន់ ក្នុងខេត្តកំពង់ធំ តភ្ជាប់ទៅកាន់ខេត្តក្រចេះ។
លោកបន្តថា “យើងរៀបចំប្រទាក់ក្រឡាគ្នាអញ្ចឹង រវាងផ្លូវជាតិ និងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវខេត្ត ផ្លូវទេសចរណ៍ ដើម្បីផ្តល់ភាពងាយស្រួលឲ្យប្រជាពលរដ្ឋយើងងាយស្រួលធ្វើដំណើរ”។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងចំណាយប្រាក់រាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បី ទី១ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទី២ ធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ទី៣ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទី៤ ចូលរួមលើកកំពស់ និងជម្រុញកំនើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង និងទី៥ ចូលរួមកាត់បន្ថយតម្លៃលើការដឹកជញ្ជូន ដែលជាបញ្ហាប្រឈមមួយរបស់កម្ពុជាក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។
ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណធ្លាប់បានមានប្រសាសន៍ថា ដើម្បីកសាងសេដ្ឋកិច្ចរីកចម្រើនកាន់តែប្រសើរឡើង ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាលជារឿងចាំបាច់ ព្រោះបើមិនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ នឹងមិនជួយឲ្យសេដ្ឋកិច្ចរីកចម្រើនលឿននោះទេ។
លោកបន្តថា “រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋយ៉ាងច្រើន ដែលការវិនិយោគនេះត្រូវចំណាយទុនច្រើន ប៉ុន្តែរដ្ឋាភិបាលត្រូវតែធ្វើដោយខានមិនបាន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចដើរកាន់តែលឿន”៕