ជម្លោះរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ធ្វើឱ្យចិនមានឱកាសពង្រីក ឥទ្ធិពលកាន់តែខ្លាំងនៅមជ្ឈិមបូព៌ា?

0

ដោយៈ សុខុម

ហុងកុង: ក្រុមអ្នកជំនាញលើកឡើងថា ជម្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីត ជុំវិញការផលិតប្រេង និងការធ្លាក់ចុះឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យមហាយក្សចិន មានឱកាសពង្រីកឥទ្ធិពលរបស់ខ្លួន កាន់តែខ្លាំងនៅក្នុងតំបន់នេះ។

ទំនាក់ទំនងរវាងមហាយក្សចិន និងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានពង្រឹង ដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត និងចូលរួមកិច្ចប្រជុំកំពូលជាមួយបណ្ដាមេដឹកនាំក្នុងតំបន់ បន្ទាប់ពីលោកជាប់ឆ្នោតអាណត្តិទី៣ ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន។

ក្រុមអ្នកជំនាញមើលឃើញថា “នេះជាឱកាសដ៏ល្អកម្ររកបាន សម្រា​ប់មហាយក្សចិន ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិក ដកខ្លួនចេញពីតំបន់នេះ”។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា។

គម្រោងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Faisal bin Farhan បន្ទាប់ពីកិច្ចប្រជុំតាម Video Conference ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង មិនទាន់បញ្ជាក់នៅឡើយទេ។

ការប្រកាសនេះ ធ្វើឡើងស្របពេលសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត កំពុងមានជម្លោះនឹងគ្នារឿងប្រេង បន្ទាប់ពីរដ្ឋាភិបាលក្រុងរីយ៉ាដ បានដឹកនាំសមាជិក នៃក្រុមប្រទេសផលិតប្រេងរបស់អង្គការOPec+ ធ្វើសេចក្ដីសម្រេចកាលពីខែមុន ដើម្បីកាត់បន្ថយការផលិតប្រេង រហូតដល់ទៅ២លានបារ៉ែលក្នុងមួយថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការធ្លាក់ចុះ។

ការកាត់បន្ថយការផលិតនេះ បានធ្វើឱ្យប្រេងឥន្ធនៈ ហក់ឡើងថ្លៃខ្ពស់ និងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចអាមេរិក នៅមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា នេះ។

រដ្ឋាភិបាលក្រុងរីយ៉ាដ គឺជាដៃគូសន្តិសុខយូរអង្វែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប៉ុន្តែទន្ទឹមនឹងនេះរដ្ឋាភិបាលក្រុងរីយ៉ាដ ក៏ចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។

អ្នកសង្កេតការណ៍ជាច្រើនមើលឃើញថា ការសម្រេចចិត្តនេះ ជាការទះកំផ្លៀងសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងរីយ៉ាដ ជុំវិញបញ្ហាជាច្រើនរាប់ចាប់ពីបញ្ហាសិទ្ធិមនុស្ស រហូតដល់បញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អ្នកខ្លះលើកឡើងថា ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន ជាមួយអារ៉ាប៊ីសាអូឌីត អាចធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាត់បង់ឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា ហើយអ្នកទទួលផលធំគឺមហាយក្សចិន៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here