អាកាសយានដ្ឋានអន្តរជាតិខេត្តបរកែវ របស់ឡាវ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣

0

ដោយៈ សុខុម

វៀងចន្ទន៍: អាកាសយានដ្ឋានអន្តរជាតិ ខេត្តបរកែវ (Bokeo International Airport) របស់ប្រទេសឡាវ ដែលបានចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ២០២០ រំពឹងបញ្ចប់ជាស្ថាពរនៅឆ្នាំក្រោយ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣១ ខែតុលា។

បច្ចុប្បន្ន ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដែលស្ថិតនៅក្នុងស្រុក Tonphueng នៃខេត្តបកែវ នេះសម្រេចបាន៨៥%ហើយ ដោយ រួមមានទាំងការតប្រព័ន្ធទឹកស្អាត និងបណ្ដាញផ្គត់ផ្គង់អគ្គិសនីផងដែរ។

លោក Hongkham Oudomchit នាយកផ្នែកសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តបកែវ បានថ្លែងប្រាប់វិទ្យុជាតិរបស់ឡាវថា អាកាសយានដ្ឋាននេះ បានចាប់ផ្ដើមការសាងសង់នៅខែកញ្ញា ឆ្នាំ២០២០ ហើយផែនការដំបូងគឺគ្រោង នឹងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២២។

ទោះជាយ៉ាងណា លោកលើកឡើងថា ដោយសារវិបត្តិកូវីដ-១៩ គម្រោងនេះ បានជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលនាំឱ្យមានការពន្យារពេលសាងសង់ ទើបមិនអាចបញ្ចប់ការសាងសង់ ជាស្ថាពរតាមការគ្រោងទុក។

នាយករូបនេះបន្ថែមទៀតថា ថ្លៃចំណាយសរុបនៃការសាងសង់ អាកា​សយានដ្ឋានអន្តរជាតិ ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ៣០០ហិតានេះគឺមានចំនួន១៧៥លានដុល្លារអាមេរិក ហើយមានសមត្ថភាពទទួលអ្នកដំណើ​រប្រមាណចន្លោះពី១,៥លាននាក់ ទៅ២លាននាក់ក្នុងមួយឆ្នាំៗ។

លោកគូសបញ្ជាក់បន្ថែមទៀតថា នៅពេលសាងសង់បញ្ចប់ជាស្ថាពរ គម្រោងអាកាសយានដ្ឋានអន្តរជាតិនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាសពីខេត្តនេះបានច្រើន ហើយនឹងជួយជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ក្នុងតំបន់នេះ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here