ដោយ: លាងហួរ
អន្តរជាតិ: អង្គការ OPEC បានបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់តម្រូវការប្រេងពិភពលោក ក្នុងរយៈពេលមធ្យម និងវែងនៅក្នុងទស្សនវិស័យប្រចាំឆ្នាំ ហើយអង្គការនេះ ត្រូវការទុននៃការវិនិយោគចំនួន១២,១ពាន់ពាន់លានដុល្លារ គឺចាំបាច់ដើម្បីបំពេញតម្រូវការនេះ។
ទស្សនៈពីអង្គការនៃប្រទេសនាំចេញប្រេងOPEC នៅក្នុងទស្សនវិស័យប្រេងពិភពលោកឆ្នាំ២០២២ មានសភាពផ្ទុយស្រឡះ ពីក្រុមអ្នកព្យាករ ណ៍ផ្សេងទៀតមើលឃើញថា តម្រូវការប្រេងឈានដល់កម្រិតទាប មុនឆ្នាំ២០៣០ ស្របពេលមានការកើនឡើង នៃថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី។
ទោះជាយ៉ាងណាក៏ដោយ ទំហំនៃការវិនិយោគមានទំហំតិចតួចទៅក្នុងឧស្សាហកម្មប្រេងពិភពលោក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការធ្លាក់ចុះនៃឧស្សាហកម្ម ការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាគោលនយោបាយផ្តោតលើការបញ្ចប់ការផ្តល់ហិរញ្ញប្បទាន នៅក្នុងគម្រោងឥន្ធនៈហ្វូស៊ីល គឺជាមូលហេតុចម្បងនៃការព្រួយបារម្ភ។
តម្រូវការប្រេងពិភពលោក នឹងកើនឡើងដល់១០៣លានបារ៉ែល ក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង២,៧លានបារ៉ែល ក្នុងមួយថ្ងៃធៀបនឹងឆ្នាំ២០២២។
អង្គការOPEC ក៏បានបង្កើនការព្យាករណ៍ តម្រូវការរបស់ខ្លួនសម្រាប់រយៈពេលមធ្យមដល់ឆ្នាំ២០២៧ ដោយនិយាយថា តួលេខនេះគឺកើនឡើងជិត២លានបារ៉ែលក្នុងមួយថ្ងៃធៀបនឹងឆ្នាំមុន៕