មានសញ្ញាសុទិដ្ឋិនិយម និងមានភាពមិនច្បាស់លាស់កាន់តែខ្លាំងទាក់ទងនឹងកំណើនសេដ្ឋកិច្ចចិន

0

ដោយ: លាងហួរ

ប៉េកាំង: បណ្តាសកម្មភាពរោងចក្រ និងសេវាកម្មរបស់ប្រទេសចិនបានដាំក្បាលចុះកាលពីខែតុលាកន្លងទៅ ដែលជាសញ្ញាបង្ហាញថា អ្វីៗអាចនឹងកាន់តែអាក្រក់ឡើងៗ នៅក្នុងប៉ុន្មានខែខាងមុខនេះ ស្របពេលរដ្ឋាភិបាលចិន នៅតែបន្តប្រកាន់ខ្ជាប់នូវវិធានការកូវីដសូន្យដ៏តឹងរ៉ឹង។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផ្លូវការ និងរង្វាស់មិនផលិត ដែលវាស់វែងសកម្មភាពសំណង់ និងសេវាកម្មបានធ្លាក់ចុះ មកត្រឹម៤៩,២និង៤៨,៧រៀងគ្នា ខុសពីការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។

លោក Raymond Yeung ប្រធានសេដ្ឋវិទូសម្រាប់តំបន់Greater China នៅក្រុមហ៊ុន Australia & New Zealand Banking Group Ltd. បានមានប្រសាសន៍ថា ទិន្នន័យនៅថ្ងៃនេះបានបង្ហាញថា វាហាក់ដូចជាលឿនពេក ក្នុងការភ្នាល់គ្នាលើការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ទោះបីជាទិន្នន័យសេដ្ឋកិច្ចនៅត្រីមាសទី៣ថ្មីៗនេះ ដំណើរការល្អជាងការរំពឹងទុកក៏ដោយក្តី។

ផ្សារហ៊ុន​របស់ប្រទេសចិន​បាន​ហក់ឡើង​ថ្លៃ​ បន្ទាប់​ពី​មានការ​ខាត​បង់​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញនេះ ក្នុងនោះសន្ទស្សន៍ផ្សារហ៊ុន CSI 300 គោលបានហក់ឡើង០,២ភាគរយ គិតត្រឹមម៉ោង១១:១៥នាទីព្រឹក ម៉ោងក្នុងស្រុក។

អត្រាការប្រាក់នៅលើមូលបត្របំណុល រដ្ឋាភិបាលរយៈពេល១០ឆ្នាំរបស់ប្រទេសចិន បានធ្លាក់ចុះ២ពិន្ទុមូលដ្ឋាន មកត្រឹម២,៦៤ភាគរយ ស្របពេលតម្លៃប្រាក់យ័ន ក្នុងស្រុកធ្លាក់ចុះ០,២ភាគរយ មកនៅត្រឹម៧,២៦ក្នុងមួយដុល្លារ។

ទោះបីជាទិន្នន័យថ្មីៗនេះបានបង្ហាញ ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេ​សចិនបានកើនឡើងដល់៣,៩ភាគរយ នៅក្នុងត្រីមាសទី៣ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចចិន នៅតែមានសញ្ញានៃការធ្លាក់ចុះម្តងទៀត ខណៈការរីករាលដាលនៃជំងឺកូវីដកាន់តែខ្លាំងឡើង ដែលបង្កការរំខានដល់អាជីវកម្ម និងអ្នករស់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here