ប្រទេសកម្ពុជាស្នើសុំកំណត់យកទីក្រុងភ្នំពេញជាលេខាធិការដ្ឋាននៃRCEP

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអះអាងជាថ្មីថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ ក្នុងការទទួលតាំងលេខាធិការដ្ឋាន RCEP នៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ការគាំទ្រនិងសម្បទានចាំបាច់នានា។

ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិកាជាន់ខ្ពស់ គម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប សម្តេចតេជោ ហ៊ុន សែន បានបន្តថា ភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។

ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យ កាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពនិងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុង ការធ្វើសមាហរណកម្មតំបន់។

កន្លងមក សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ យើងមានមហិច្ឆតាមួយ ចង់ក្លាយជាលេខាធិការ RCEP មួយ នៅភ្នំពេញ ដែលមានប្រទេស១៥ គឺសមាជិកអាស៊ាន និងដៃគូ ៥ទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី និងណូវែលហ្សេឡង់។

សម្តេចតេជោសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀង RCEP នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាន RCEP នេះ ហើយយកទីតាំងភ្នំពេញ សម្រាប់លេខាធិការដ្ឋាន។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅឆ្នាំ២០១២នៅភ្នំពេញ។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២.២០០លាននាក់ ឬ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here