ដោយៈ សុផារី
ភ្នំពេញៈ ប្រទេសសិង្ហបុរីបានវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសវិនិយោគឈានមុខគេ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ដោយមានចំនួនគម្រោងចំនួន៦ ឬស្មើនឹង៤០ភាគរយនៃ FDI ផ្ទៃក្នុងរបស់កម្ពុជា។ នេះបើយោងតាម “សន្ទស្សន៍លទ្ធផល FDI ផ្ទៃក្នុងឆ្នាំ២០២២” ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
ប្រទេសចិន ដែលធ្លាប់ជាប្រទេសនាំមុខគេ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ បានធ្លាក់ចុះមកនៅលំដាប់ទីពីរ ស្មើគ្នានឹងសហរដ្ឋអាមេរិក ដោយប្រទេសទាំងពីរ បានកត់ត្រាគម្រោងវិនិយោគសរុបចំនួនបីដូចគ្នា។ ចំណែក ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងហូឡង់រួមចំណែកទុនការវិនិយោគផ្សេងទៀត។
-->
យោងតាមរបាយការណ៍របស់ Investment Monitor ដែលមានចំណងជើងថា “កម្ពុជាមានសក្តានុពលលើសពីទម្ងន់របស់ខ្លួន ក្នុងការទាក់ទាញ FDI” បានបង្ហាញថា “កម្ពុជាមានទីតាំងវិនិយោគ ដ៏ទាក់ទាញបំផុតទីបី ក្នុងការទាក់ទាញវិនិយោគទុនបរទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីសិង្ហបុរី និងនូវែលសេឡង់”។

របាយការណ៍នេះបានឱ្យដឹងថា “ប្រទេសកម្ពុជា គឺជាទីតាំងលំហូរ FDI ដែលមិនសូវមានគេស្គាល់ច្រើននៅឡើយ ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរី និងវៀតណាម ដើម្បីទាក់ទាញការវិនិយោគចូលមកខាងក្នុងប្រទេស។ យ៉ាងណាក្តី ទោះបីជាមានការប្រកួតប្រជែងខ្លាំងក្តី ក៏កម្ពុជានៅតែអាចទទួលបានជោគជ័យ នៃផ្នែកគម្រោងបៃតងរបស់ខ្លួន”។
សន្ទស្សន៍ខាងលើនេះ វាស់វែងកម្រិតវិនិយោគផ្ទៃក្នុង ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ដោយប្រើមូលដ្ឋានទិន្នន័យគម្រោង FDI របស់ GlobalData ដែលតាមដានគម្រោងទីធ្លាបៃតង។ នេះមានន័យថា ប្រទេសកម្ពុជា ដែលទទួលបានពិន្ទុ៣,២៦ ទទួលបានចំណែកវិនិយោគបៃតងច្រើនជាងបីដងធៀប នឹងអ្វីដែលអាចរំពឹងទុកនៃ GDP របស់ខ្លួន៕
