ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែតុលា ដែលបើកដំណើរការសាកល្បងដោយមិនគិតថ្លៃ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុទទួលបានយានយន្តឆ្លងកាត់ផ្លូវចំនួនជិត៤៤ម៉ឺនគ្រឿង។ នេះបើតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២២នេះ។
គិតចាប់ពីម៉ោង៧ព្រឹកនៃថ្ងៃទី០១ ខែតុលា ដល់ម៉ោង២៤យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ការកត់ត្រាដោយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿន បានឱ្យដឹងថា មានយានយន្តឆ្លងកាត់ផ្លូវល្បឿនលឿនចំនួន៤៣៧.៣៨១គ្រឿង ដោយចេញចូលតាមស្ថានីយ៍ទាំង៨ទីតាំង។
-->
នៅក្នុងរយៈពេល១ខែនេះ នៅលើផ្លូវល្បឿនលឿនភ្នំពេញ ក៏មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១៩ករណី ឬស្មើនឹង០,០០៤ភាគរយ បើធៀបនឹងទំហំចរាចរណ៍ឆ្លងកាត់។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងផងដែរថា ក្រុមហ៊ុនផ្លូវល្បឿនលឿនបានចាប់ផ្ដើមគិតថ្លៃសេវាធ្វើដំណើរហើយចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹកតទៅ។ សេវាធ្វើដំណើរនឹងត្រូវគណនា តាមចម្ងាយជាក់ស្ដែងនៃការបើកបរ និងតាមប្រភេទយានយន្ត ហើយក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន២០ភាគរយ ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ក្នុងរយៈពេលមួយ១ឆ្នាំ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្ដីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌ ក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើដំណើររបស់បងប្អូនប្រកប ដោយភាពសប្បាយរីករាយ ។
ក្រលេកទៅមើលស្ថានភាពទេសចរណ៍នៅក្នុងខេត្តព្រះសីហនុឯណោះវិញ ក្នុងរយៈពេល១ខែពេញនៃខែតុលា ក៏មានកំណើនភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តយ៉ាងច្រើនផងដែរ ដែលបានជំរុញឱ្យអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះមានភាពរស់រវើកឡើងវិញទាំងសេវាកម្ម អាហារនិងភេសជ្ជៈ និងសេវាកម្មស្នាក់នៅ៕
