ដោយ៖ សហការី
ភ្នំពេញ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងពីតួនាទីដ៏សំខាន់របស់ សហគ្រិន និងវិស័យឯកជន ដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។
សហគ្រិន និងវិស័យឯកជន ដែលលោកហៅថា ជា ”កាតាលីករ” ដ៏សំខាន់ដល់ការអភិវឌ្ឍជាតិ តាមរយៈការស្រូបទាញចំណូល ជាពិសេសការបង្កើតការងារនៅក្នុងប្រទេស ក៏ដូចជាឱកាសក្នុងការក្លាយខ្លួនជាសហគ្រិនដល់យុវជនជំនាន់ក្រោយផងដែរ។
-->

លោកបានមានប្រសាសន៍ថា “ខ្ញុំពិតជាសូមចូលរួមអបអរសាទរដល់ CEO Master Club ចំពោះសមិទ្ធផលក្នុងការចូលរួមបណ្តុះបណ្តាលសហគ្រិនភាពដល់ម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា។ វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតប្រាក់ចំណូល ការងារ ក៏ដូចជាការចែករំលែកចំណេះដឹង បទពិសោធន៍ដល់យុវជនក្នុងការត្រៀមខ្លួនចូលក្នុងវិស័យធុរកិច្ច”។
លោកក៏បានថ្លែងអំណរគុណដល់សមាជិក CEO Master Club ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណាក់កាលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបានចូលរួមជាការបរិច្ចាគធនធានជាសម្ភារៈបរិក្ខាក្តី ឬជាស្បៀងអាហារក្តី តែម្យ៉ាងទៀតគឺការចូលរួម អត់ធ្មត់ និងយោគយល់ក្នុងដំណាក់កាលបិទខ្ទប់ដែលនេះបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ធ្វើឱ្យយើងអាចគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា និងប្រកបដោយជោគជ័យ។
ក្នុងឱកាសនោះ ជាមួយនឹងការអបអរសាទរចំពោះជោគជ័យរបស់ខ្លួន លោកបានជូនពរដល់សហគ្រិនម្នាក់ៗឱ្យទទួលបានជោគជ័យបន្តថែមទៀត។ ជោគជ័យរបស់យើងម្នាក់ៗ ក៏នឹងក្លាយជាជោគជ័យរបស់សង្គមជាតិរបស់យើងផងដែរ៕
