ដោយ៖ សហការី
សៀមរាប៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងត្រូវធ្វើការសម្រេចឲ្យបាននូវលទ្ធផលរំពឹងទុកក្នុងការអនុវត្តសកម្មភាពចំនួន០៣ សម្រាប់ឆ្នាំ២០២២ ដល់២០២៥ ក្នុងការរៀបចំក្រុងសៀមរាបជាទីក្រុងវៃឆ្លាត។
នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង JCC លើកទី២ នៃគម្រោងទីក្រុងឆ្លាតវៃជាមួយ JICA និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានថ្លែងឱ្យដឹងថា នៅក្នុងដំណាក់កាលទី២ គឺចាប់អនុវត្តក្នុងខែឧសភា ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៥ ដែលនឹងអនុវត្តលើសកម្មភាពចំនួន០៣ រួមមាន ទី១). ការបង្កើតរចនាសម្ព័ន្ធ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ទី២). ដំណើរការនៃការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃតាមរយៈការដាក់អនុវត្តសាកល្បងនូវគម្រោងនានា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្រុងសៀមរាប និងទី៣). ការបង្កើតនូវប្រព័ន្ធតាមដាន និងវាយតម្លៃវិធីសាស្រ្តទីក្រុងឆ្លាតវៃ។
លោកស្រីអភិបាលរង បានបន្ថែមថា នៅក្នុងដំណាក់កាលទី២ នេះ រដ្ឋបាលខេត្តក៏ត្រៀមធ្វើការសហការជាមួយ (JICA)ក្នុងការដាក់ឲ្យអនុវត្តសាកល្បងនូវគម្រោងវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងក្រុងសៀមរាបតាមរយៈគម្រោងចំនួន០៦ផងដែរ។
នៅក្នុងដំណាក់កាលទី១ (២០២០-២០២១) អង្គការ JICA បានជួយសិក្សាក្នុងការស្វែងរកបញ្ហាប្រឈមដែលកំពុងតែកើតមានឡើងនៅក្នុងក្រុងសៀមរាប រហូតបានរៀបចំជាផែនទីមេចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ (២០២១-២០៣៥)៕