សុខុម
វៀងចន្ទន៍: នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានឯកភាពគ្នាថា ចាំបាច់ត្រូវសាងសង់ស្ពានបន្ថែមទៀតដើម្បីតភ្ជាប់ប្រទេសទាំងពីរកាត់ដងទន្លេមេគង្គ។
យោងតាមសារព័ត៌មានឡាវ Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣១ ខែតុលា ឱ្យដឹងថា មេដឹកនាំទាំងពីរបានជួបជុំគ្នាកាលពីថ្ងៃសុក្រ សប្តាហ៍មុនដើម្បីចូលរួមក្នុងពិធីក្រាលគ្រឹះថ្មនៃស្ពានមិត្តភាពឡាវ-ថៃ (Lao-Thai Friendship Bridge) ទី៥ នេះដែលគ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរនៅខែមេសា ឆ្នាំ២០២៤។
មេដឹកនាំនៃប្រទេសទាំងពីរក៏បានបង្ហាញពីឆន្ទៈចង់ឱ្យបណ្ដាញផ្លូវដែករបស់ថៃ តភ្ជាប់ជាមួយផ្លូវដែកឡាវ-ចិន ផងដែរដើម្បីផ្ដល់ការតភ្ជាប់កាន់តែប្រសើរទៅកាន់អ្នកធ្វើដំណើរនៅក្នុងតំបន់។
អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីថៃ លោក Anucha Buraphachaisi បានលើកឡើងថា ពិធីក្រាលគ្រឹះថ្មសម្រាប់ស្ពានមិត្តភាពឡាវ-ថៃ ទី៥ នេះបានប្រារព្ធធ្វើឡើងនៅត្រើយទាំងសងខាងនៃដងទន្លេមេគង្គ ស្ថិតក្នុងខេត្ត Bolikhamxay របស់ឡាវ និងខេត្ត Bueng Kan របស់ថៃ។
ការសាងសង់នៅត្រើយទន្លេទាំងសងខាង ដែលខណ្ឌចែកព្រំដែនប្រទេសទាំងពីរនេះបានចាប់ផ្ដើមនៅខែមករា ដើមឆ្នាំ២០២១ ហើយរដ្ឋាភិបាលឡាវ ទទួលបានឥណទានចំនួន៣៦.២៨៣ដុល្លារអាមេរិក ពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) របស់ប្រទេសថៃ សម្រាប់គម្រោងនេះដែលប្រទេសទាំងពីរត្រូវរ៉ាប់រងចំណាយរៀងៗខ្លួន។
លោក ប្រយុទ្ធ ចាន់អូចា បានលើកឡើងថា “ស្ពាននេះនឹងផ្ដល់ផ្លូវងាយស្រួលមួយទៀតសម្រាប់ការធ្វើដំណើរនៅតាមបណ្ដោយព្រំដែន ហើយនឹងមានការសាងសង់ស្ពានបន្ថែមទៀតនៅទីតាំងផ្សេងៗទៀត”។
អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីថៃ លោក Anucha Buraphachaisi បានគូបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរមានសុទិដ្ឋិនិយមថា ស្ពានមិត្តភាពទី៥ នេះនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ និងជួយសម្រួលដល់ការដឹកជញ្ជូនរវាងប្រទេសថៃ ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។
លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិចារណាអភិវឌ្ឍផ្លូវដែកឡាវ-ថៃ ផងដែរដើម្បីតភ្ជាប់បណ្ដាញផ្លូវដែករបស់ថៃ ជាមួយផ្លូវដែកនេះដែលតភ្ជាប់ប្រទេសឡាវ និងប្រទេសចិន។
នៅពេលសាងសង់បញ្ចប់ជាស្ថាពរ ស្ពានមិត្តភាពទី៥ នេះនឹងផ្ដល់ការតភ្ជាប់ងាយស្រួលពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន ភាគខាងត្បូង៕ Laotian Times៕