ADBគាំទ្រការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ២ជីហ្គាវ៉ាត់ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៥០

0

ដោយៈ សុផារី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានចុះហត្ថលេខាលើអាណ​ត្តិសេវាប្រឹក្សាប្រតិបត្តិការ ជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យទំហំ២ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា ដែលនឹងជួយឱ្យប្រទេសសម្រេចនេះ បាននូវគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែល Property Area Asia បានទទួលនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា ក្នុងអាណត្តិកម្មវិធីនេះADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេសស្តីពី ឱកាសសម្រាប់សមត្ថភាព ថាមពលពន្លឺព្រះអាទិត្យបន្ថែម រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (Battery Engergy Storage System – BESS) ដែលនឹងត្រូវអនុវត្ត ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០៣០។

ADB ក៏នឹងជួយដល់ EDC ក្នុងការដាក់ដេញថ្លៃ គម្រោងសាកល្បង១០០មេហ្គាវ៉ាត់ ដែលកំណត់ក្រោមការសិក្សាខាងលើ ទៅវិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោង ដែលត្រូវបានគេរំពឹងថា នឹងប្រមូលទុនរហូតដល់១០០លានដុល្លារអាមេរិក និងធ្វើជាគំរូក្នុងការពង្រីកវិសាលភាព ការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលមានតម្លៃសមរម្យ និងឆាប់រហ័ស។

លោកស្រី F. Cleo Kawawaki ប្រធានការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB បានមានប្រសាសន៍ថា “វានឹងជាកម្មវិធីនេះប្រកបដោយមហិច្ឆតាខ្ពស់របស់កម្ពុជា ក្នុងវិស័យថាមពលកើតឡើងវិញបាន។ វានឹងកាត់បន្ថយថ្លៃអគ្គិសនី និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខថាមពល ដោយការទាញយកអត្ថប្រយោជន៍ពីធនធានក្នុងស្រុក”។

លោកស្រីបន្តថា ផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជា ទទួលស្គាល់សក្តានុពល ក្នុងការពង្រីកបន្ថែមនូវសមត្ថភាព នៃថាមពលពន្លឺព្រះអាទិត្យ PV ដែលត្រូវបានរំពឹងថា នឹងលើសពី៣ជីហ្គាវ៉ាត់ ក្នុងឆ្នាំ២០៤០។ ដោយសារការរួមចំណែកនៃថាមពល ពន្លឺព្រះអាទិត្យកើនឡើង ចាំបាច់ត្រូវមានការកែលម្អស្ថិរភាពបណ្តាញ តាមរយៈការអនុម័ត BESS ។

លោកស្រី Jyotsana Varma តំណាងADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ADB រីករាយក្នុងការគាំទ្រការផ្លាស់ប្តូរ ទៅរកថាមពលបៃតងនៅកម្ពុជា ដែលនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ច ស្អាត ប្រកបដោយនិរន្តរភាព និងបរិយាបន្ន តាមរយៈការកែទម្រង់គោលនយោបាយ ក្នុងផែនកា​រ និងអភិបាលកិច្ចថាមពល ការកែលម្អស្ថិរភាពបណ្តាញអគ្គិសនី និងប្រសិទ្ធភាពថាមពល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here