ដោយៈ សុខុម
ហុងកុង: ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ ដែលជាកម្មសិទ្ធិរបស់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group ក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណីត The Peak នៅក្រុងហុងកុង ត្រូវបានធនាគារចិន China Construction Bank (Asia) រឹបអូស។
នេះបើយោងតាមសារព័ត៌មាន អនឡាញរបស់ហុងកុង HK01 បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា។
ទោះជាយ៉ាងណា ស្ថាប័នសារព័ត៌មានអនឡាញមួយនេះមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដែលភូមិគ្រឹះទំហំ៤៦៥ម៉ែត្រការ៉េ និងមានតម្លៃ៨៩លានដុល្លារអាមេរិក នេះត្រូវបានធនាគាររឹបអូសនោះទេ។
ទាក់ទិននឹងដំណឹងដ៏រសើបនេះ ក្រុមហ៊ុនEvergrande បានបដិសេធមិនឆ្លើយបំភ្លឺទេ។
ចំណែកប្រធានក្រុមហ៊ុននេះ លោកHui Ka Yan មិនអាចទាក់ទងបាន ហើយធនាគារChina Construction Bank (Asia) ក៏មិនបានឆ្លើយបំភ្លឺនោះដែរ។
លោក Hui Ka Yan ប្រធានក្រុមហ៊ុន Evergrande ដែលជាប់បំណុល រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក មានផ្ទះប្រណីតចំនួន២ផ្សេងទៀត នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន The Peak ដដែលនេះ។
ការរឹបអូសនេះឆ្លុះបញ្ចាំងឱ្យឃើញថា វិបត្តិសាច់ប្រាក់របស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Evergrande ដែលបានរាលដាលពាសពេញវិស័យអចលនទ្រព្យប្រទេសចិន ហាក់មិនបានធូរស្រាលឡើយ ទោះជារដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីស្រោចស្រង់វិស័យដ៏សំខាន់នេះយ៉ាងណាក្ដី៕ Reuters៕