ដោយៈ សុខុម
ប៉េកាំង: ក្រសួងការបរទេសចិន បានធ្វើការព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកាថា សហរដ្ឋអាមេរិកគ្មានសិទ្ធិជ្រៀតជ្រែក ក្នុងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ជាមួយប្រទេសអាល្លឺម៉ង់ឡើយ។
ការព្រមានបែបនេះធ្វើឡើង ក្រោយពីដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានកុំឱ្យរដ្ឋាភិបាលក្រុងប៉េកាំង កាន់កាប់ភាគហ៊ុនធំ ដែលមានសិទ្ធិគ្រប់គ្រងស្ថានីយចំណតមួយ នៃកំពង់ផែក្នុងទីក្រុងអាល្លឺម៉ង់ Hamburg។
-->
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅឯសន្និសីទមួយនៅទីក្រុងប៉េកាំងថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក គឺជាសញ្ញាបង្ហាញពីការអនុវត្តគោលនយោបាយ ដែលចូលចិត្តគំរាមកំហែងរបស់ខ្លួន។

អ្នកនាំពាក្យដដែលលើកឡើងថា “កិច្ចសហប្រតិបត្តិការដ៏សមហេតុផលរវាងប្រទេសចិន និងប្រទេសអាល្លឺម៉ង់ គឺជាកិច្ចការសម្រាប់ប្រទេសដែនអធិបតេយ្យទាំងពីរ”។ លោកបន្តថា “សហរដ្ឋអាមេរិក មិនគួរវាយប្រហារប្រទេសចិន ដោយគ្មានហេតុផលឡើយ ហើយក៏គ្មានសិទ្ធិជ្រៀតជ្រែកនោះដែរ”។
ការព្រមានបែបនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ពោលគឺ១ថ្ងៃមុនអធិការបតីអាល្លឺម៉ង លោកOlaf Scholz ត្រូវធ្វើទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង រយៈពេលមួយថ្ងៃ ពោលគឺនៅថ្ងៃសុក្រ ទី៤ ដោយគេរំពឹងថា លោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងភីង។
ក្រុមហ៊ុនដឹកជញ្ជូនទំនិញ តាមកប៉ាល់ខ្នាតយក្សរបស់ចិន Cosco បានដាក់ដេញថ្លៃកាលពីឆ្នាំមុន ដើម្បីកាន់កាប់ភាគហ៊ុន៣៥%ក្នុងស្ថានីយចំណតមួយ ក្នុងចំណោមស្ថានីយចំណតទាំង៣របស់ក្រុមហ៊ុន HHLA’s នៅក្នុងកំពង់ផែដ៏ធំបំផុតរបស់អាល្លឺម៉ង់ ប៉ុន្តែរដ្ឋាភិបាលចម្រុះរបស់អាល្លឺម៉ង់ បានខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀងនេះ។
កាលពីសប្ដាហ៍មុន គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ បានអនុម័តការវិនិយោគ២៤,៩%ដោយក្រុមហ៊ុនCosco ជាអ្វីដែលប្រភពមួយ នៅក្រសួងសេដ្ឋកិច្ចបានចាត់ទុកថាជា “ដំណោះស្រាយបន្ទាន់” ដើម្បីអនុម័តកិច្ចព្រមព្រៀងនេះ។
ទោះជាយ៉ាងណា ទំហំទុនវិនិយោគដែលត្រូវបានអនុម័តនេះ មិនធ្វើ ឱ្យក្រុមហ៊ុន Cosco មានសិទ្ធិគ្រប់គ្រង ឬធ្វើសេចក្ដីសម្រេចជាយុទ្ធសាស្ត្ររបស់កំពង់ផែនេះឡើយ៕ Reuters៕
