ដោយ៖ សុផារី
ភ្នំពេញ៖ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៤៤គម្រោង ដែលមានទុនវិនិយោគជាង៣.៤៣៣លានដុល្លារអាមេរិក បង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១២២.៧៤៧កន្លែង។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១៤៤ក្នុងនោះ នៅខែមករាបានអនុម័តច្រើនជាងគេចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង២.២៧៧លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន១៩.៩០៥កន្លែង។
បន្ទាប់មកខែកញ្ញា ឆ្នាំ២០២២ មានគម្រោងវិនិយោគចំនួន២១ក្រុមហ៊ុន មានទុនវិនិយោគចំនួន១៣០លានដុល្លារអាមេរិក។ ក្នុងខែឧសភា មានគម្រោងវិនិយោគចំនួន២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក និងខែសីហា អនុម័តគម្រោងវិនិយោគចំនួន១៧គម្រោង ដែលមានទុនវិនិយោគចំនួន២០៣,១លានដុល្លារអាមេរិក។
ក្នុងចំណោមក្រុមហ៊ុនចំនួន១៤៤គម្រោង ក្នុងនោះ មានគម្រោងបោះទុនវិនិយោគធំៗ រួមមាន អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន១២៩លានដុល្លារអាមេរិក។
គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២៩៧លានដុល្លារអាមេរិក។
គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ៣៨៩លានដុល្លារអាមេរិក ។
គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន១.៣០០លានដុល្លារអាមេរិក៕