ដោយ៖ សុផារី
ភ្នំពេញ៖ កន្លងមក ក្រុមអតិថិជនដែលមានបំណងចង់ទិញគម្រោងអចលនទ្រព្យណាមួយ តែងតែសម្លឹងនិងធ្វើការប្រៀបធៀបលើតម្លៃ និងទីតាំង ដែលជាអត្តប្រយោជន៍ធំបំផុត។ ប៉ុន្តែ បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ងាកមកប្រកួតប្រជែងលើចំណុចតូចៗផ្សេងៗ ក្រៅពីតម្លៃ និងទីតាំងនៃគម្រោងសាងសង់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន។

-->
លោកស្រី អាន សុធីតា អគ្គនាយិការបស់ក្រុមហ៊ុន PropNex Cambodia មានប្រសាសន៍នៅថ្ងៃទី០២ ខែវិច្ឆិកាថា ការប្រកួតប្រជែងនាពេលកន្លងមក ភាគច្រើនលើតម្លៃ និងទីតាំងនៃគម្រោង ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រៅពីចំណុចទាំងពីរនេះ ចំណុចដែលត្រូវការមាន រួមមាន ការរចនា គុណភាពបន្ថែម និងលក្ខខណ្ឌនៃការបង់ប្រាក់ ជាដើម។ ការប្រកួតប្រជែងមានកម្រិតច្រើន ដែលនឹងនាំមកនូវអត្តប្រយោជន៍ដល់អតិថិជន និងអ្នកអភិវឌ្ឍន៍។
លោកស្រីបញ្ជាក់ថា “ឥលូវនេះ អ្នកអភិវឌ្ឍន៍ចាប់ផ្តើមប្រមើលមើលលើការរចនា (Design) ការគ្រប់គ្រងជាដើម និងមានចំណុចលម្អិតតូចៗជាច្រើនទៀត ដែលពួកគាត់ងាកមកយកចិត្តទុកដាក់ ដើម្បីប្រកួតប្រជែង”។

លោកស្រីលើកឡើងថា “ជាទូទៅ នៅពេលចាប់ផ្តើមការអភិវឌ្ឍន៍ អ្នកអភិវឌ្ឍន៍តែងតែគិតគូរពីផលចំណេញសម្រាប់ខ្លួនឯងជាមុនសិន។ ប៉ុន្តែនៅពេលដែលចាប់ផ្តើមមានការប្រកួតប្រជែង ពួកគាត់ចាប់ផ្តើមមកគិតគូរពីអ្នកវិនិយោគ ដែលជាអតិថិជន ថាតើគាត់ត្រូវធ្វើយ៉ាងណា ដើម្បីអាចទទួលបានទំនុកចិត្តពីអតិថិជន”។
ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានមានប្រសាសន៍ផងដែរថា ក្នុងបរិបទថ្មីៗ ដែលកំពុងមានការប្រកួតប្រជែង និងមានកំណើនអតិផរណាខ្ពស់ ម្ចាស់ទ្រព្យចាប់ផ្តើមចាប់យកនិន្នាការងាកមកយកចិត្តទុកដាក់លើ “ភាពបៃតង” និងការបន្ថែមមុខងារប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាព នៅក្នុងគម្រោងអាគាររបស់ខ្លួន និងដើម្បីនាំមុខក្នុងទីផ្សារមួយនេះ៕
