ដោយ៖ សហការី
ភ្នំពេញ៖ ប្រទេសកម្ពុជាលើកទឹកចិត្តដល់បណ្តាវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា ក្នុងនោះមានការវិនិយោគជាច្រើនពីក្រុមហ៊ុនជប៉ុននៅកម្ពុជា ជាក់ស្តែងក្រុមហ៊ុនតូយ៉ូតាជប៉ុន ដែលនឹងគ្រោងនឹងបើកប្រតិបត្តិការរោងចក្រតម្លើងយានយន្ត នៅកម្ពុជាឆាប់ៗខាងមុខនេះ និងផ្សារ AEON Malls ជាដើម។
ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Masahiro MIKAMI ឯកអគ្ដរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា “សូមការស្វាគមន៍ ចំពោះរាល់គម្រោងវិនិយោគនានា ក្នុងវិស័យឯកជន ជាពិសេស គម្រោងបង្កើតរោងចក្រតម្លើងយានយន្តរបស់ក្រុមហ៊ុនតូយ៉ូតា (Toyota Vehicle Assembly) នៅកម្ពុជា ដែលនេះជាការលើកស្ទើយ ដល់វិស័យវិនិយោគឯកជន និងក៏ជាការផ្តល់នូវទំនុកចិត្តដ៏សំខាន់ទៅដល់វិនិយោគិន មកពីប្រទេសជប៉ុន និងប្រទេសដទៃហើយក៏ជាការនាំមកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជប៉ុន មកកាន់កម្ពុជា”។








