សុខុម
មូស្គូ: ខណៈឧស្សាហកម្មរថយន្តក្នុងស្រុកដាំក្បាលចុះខ្លាំងដោយសារផលប៉ះពាល់ពីទណ្ឌកម្មរបស់លោកខាងលិច ប្រទេសរុស្ស៊ី បានងាកទៅសម្រុកទិញរថយន្តមួយទឹក ដោយក្នុងនោះរថយន្តមួយទឹករបស់ជប៉ុន គ្របដណ្ដប់ជាង៣ភាគ៤នៃរថយន្តដែលត្រូវបាននាំចូល។
សុខុម
មូស្គូ: ខណៈឧស្សាហកម្មរថយន្តក្នុងស្រុកដាំក្បាលចុះខ្លាំងដោយសារផលប៉ះពាល់ពីទណ្ឌកម្មរបស់លោកខាងលិច ប្រទេសរុស្ស៊ី បានងាកទៅសម្រុកទិញរថយន្តមួយទឹក ដោយក្នុងនោះរថយន្តមួយទឹករបស់ជប៉ុន គ្របដណ្ដប់ជាង៣ភាគ៤នៃរថយន្តដែលត្រូវបាននាំចូល។
យោងតាមទិន្នន័យដែលទីភ្នាក់ព័ត៌មាន Reuters ទទួលបាន និងចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឱ្យដឹងថា ការលក់រថយន្តថ្មីដែលផលិតក្នុងប្រទេសរុស្ស៊ី បានសំយ៉ុងក្បាលចុះខ្លាំងចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានបញ្ជូនទាហានរាប់សែននាក់ចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ ដែលនាំឱ្យលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើរុស្ស៊ី។
ការដាក់ទណ្ឌកម្មទាំងនេះដែលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានបានធ្វើឱ្យរុស្ស៊ី ពិបាករកទិញគ្រឿងបន្លាស់ ហើយក្រុមហ៊ុនផលិតបរទេសមួយចំនួនក៏បានផ្អាកដំណើរការនៅក្នុងប្រទេសនេះ។
ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយកាលពីចុងខែមុនថា ការដកខ្លួនចេញរបស់ក្រុមហ៊ុនទាំងនោះបូករួមរូបិយប័ណ្ណរុស្ស៊ី រូប៊ល (Rouble) ឡើងថ្លៃផងនោះ បានជំរុញឱ្យតម្រូវការរថយន្តមួយទឹកពីតំបន់អាស៊ី កើនឡើងខ្ពស់ ដោយបញ្ហាប្រឈមផ្នែកដឹកជញ្ជូនធ្វើឱ្យតម្លៃហក់ឡើងខ្ពស់ប្រមាណ១០%ក្នុងខែកញ្ញា បើធៀបនឹងដើមឆ្នាំនេះ។
ការនាំចូលដែលធ្លាប់តែគ្របដណ្ដប់ប្រមាណ១ភាគ៥ នៃទំហំទីផ្សាររុស្ស៊ី និងដែលស្មើពាក់កណ្ដាលនៃប្រាក់ចំណូលមិនទាន់បានធូរស្រាលនៅឡើយទេ។
ទិន្នន័យពីទីភ្នាក់ងារវិភាគរបស់រុស្ស៊ី Autostat បានបង្ហាញថា ការនាំចូលរថយន្តថ្មីៗក្នុងខែសីហា គឺទាបជាងកម្រិតក្នុងខែកុម្ភៈ ប៉ុន្តែរថយន្តមួយទឹកបានកើនឡើងទ្វេដងពី១១.០៥៥គ្រឿងឈានដល់២៣.១១៧គ្រឿង។
ទិន្នន័យដដែលបង្ហាញថា ៧៦%នៃរថយន្តមួយទឹកត្រូវបាននាំចូលពីប្រទេសជប៉ុន ហើយទី២ គឺប្រទេសបេឡារូស ដែលមានចំនួន៥,៣%។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan កាលពីខែមុនបានខាតបង់រហូតដល់ទៅ៦៨៦លានដុល្លារអាមេរិក ក្រោយពីសុខចិត្តប្រគល់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ឱ្យទៅក្រុមហ៊ុនរដ្ឋរុស្ស៊ី កាន់កាប់ជាថ្នូរនឹងប្រាក់១អឺរ៉ូ ខណៈក្រុមហ៊ុនជប៉ុន មួយទៀតគឺ Toyota បានបញ្ចប់ការផលិតរថយន្តនៅក្នុងប្រទេសនេះតែម្ដង៕