អាជីវកម្មមួយចំនួនតាមបណ្ដោយផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញត្រូវបានហាមឃាត់ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាអាស៊ាននិងពិភពលោក

0

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងអំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ អាជីវកម្មមួយចំនួននៅតាមបណ្ដោយផ្លូវសំខាន់ៗត្រូវសាលារាជធានីភ្នំពេញ ហាមឃាត់មួយរយៈចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ វិច្ឆិកា២០២២ ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងអង្គប្រជុំកាលពីពេលថ្មីៗនេះឱ្យដឹងថា ស្ថានីយ៍លក់ប្រេង ទីតាំងលក់រថយន្ត ការដ្ឋានសំណង់ផ្សេងៗ ទីតាំងKTV ក្លឹបកម្សាន្ត ទីតាំងផ្ញើម៉ូតូ ឡានចតតាមចិញ្ចើមថ្នល់តាមផ្លូវសហព័ន្ធរុស្ស៊ីត្រូវបានបានឃាត់។

លោកបានលើកឡើងថា “សណ្ដាប់ធ្នាប់តាមដងទន្លេរ មានដាយត្រី បែរត្រីវ កប៉ាល់កាណូតទេសចរណ៍ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកឆ្លងកាត់ ឬបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននេះដែរ”។

លោកបន្តថា ចំពោះភ្ញៀវដែលមកស្នាក់នៅ តាមសណ្ឋាគារ ផ្ទះសំណា​ក់ ម្ចាស់ទីតាំង ត្រូវកិច្ចសហការឱ្យបានច្បាស់លាស់ ជាមួយសមត្ថកិច្ចនិងអាជ្ញាធរដែនដី តាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវ ដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួន រួមទាំងផ្ដល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏បានលើកឡើងកន្លងមកថា នៅក្នុងអំឡុងកិច្ចប្រជុំនោះដែរ តាមបណ្ដាផ្លូវសំខាន់ៗ ដែលប្រតិភូឆ្លងកាត់នឹងត្រូវបានបិទ ឬផ្អាកចរាចរណ៍ដើម្បីទុកអាទិភាពជូនភ្ញៀវធ្វើដំណើរបានស្រួល ហើយសម្ដេចក៏សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។

សម្ដេចមានប្រសាសន៍ថា “បើពុំមានការចាំបាច់ទេ កុំធ្វើដំណើរកាត់តាមផ្លូវ ដែលប្រតិភូឆ្លងកាត់ឬកុំចេញពីផ្ទះ ឬក៏អាចធ្វើដំណើរទៅកម្សាន្តតាមបណ្ដាខេត្តវិញ ពីព្រោះនៅភ្នំពេញនឹងមានការបិទផ្លូវជាច្រើន នៅពេលមានប្រតិភូឆ្លងកាត់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here