កម្ពុជា វៀតណាមគ្រោងនឹងបើកច្រកព្រំដែនបន្ថែមដើម្បីជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក

0

  ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងលោកផាម មិញជិញនាយករដ្ឋមន្ត្រី ប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី៨ វិច្ឆិកា ២០២២ នៅវិមានសន្តិភាព ភាគីទាំងពីរបានប្ដេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម រវាងគ្នានឹងគ្នាបន្ថែម ដោយនឹងបើកច្រកព្រំដែនបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកទំនិញឆ្លងទៅវិញទៅមក។

ក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ កាលពី​ថ្ងៃទី៨​វិច្ឆិកា​២០២២ ថ្នាក់់ដឹក​នាំទាំងពីរ ​បានឯកភាពលើការជំរុញការតភ្ជាប់ រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឱ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ក្នុងនោះដែរក៏មានការឯកភាពគ្នា ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង ទៅលើវិស័យឌីជីថល ជាពិសេសទៅលើវិស័យដទៃទៀតផងដែរ ។

នៅក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ច ដែលក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពគ្នាពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការមិត្ត​ភាពរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច តាមរយៈបន្តជំរុញការផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជនទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ និងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងគ្នា តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឱ្យមានទីផ្សារនិងបើកច្រកសំខាន់ៗ ដើម្បិឱ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង ។

សម្ដេចតេជោ ធ្លាប់បានលើកឡើង និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់សិក្សាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមច្រកព្រំដែនកម្ពុជាវៀតណាម ដើម្បីផលិតនិងនាំចេញទៅកាន់ប្រទេសវៀតណាម ក៏ដូចជា សិក្សាលើការសាងសង់ផ្លូវ តភ្ជាប់ទៅកាន់ច្រកព្រំដែនងាយស្រួល ក្នុងការដឹកទំនិញពីកម្ពុជាទៅវៀតណាម និងដឹកទំនិញពីវៀតណាមចូលប្រទេសកម្ពុជាវិញ។

ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាម សម្រេចបានទំហំទឹកប្រាក់ចំនួន៤,៦៣ពាន់លានដុល្លារអាមេរិក កើនឡើង២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅវៀតណាម មានទឹកប្រាក់១,៥៥ពាន់លានដុល្លារអាមេរិកនិងនាំចូលពីវៀតណាមវិញ មានទឹកប្រាក់៣,០៧ពាន់លានដុល្លារអាមេរិក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here