ដោយៈ សុផារី
ត្បូងឃ្មុំៈ តំបន់សេដ្ឋកិច្ចពិសេសធំមួយ ដែលមានទំហំផ្ទៃដីប្រមាណ១ពាន់ហិចតា មានទីតាំងនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាទីតាំង សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងជាកន្លែងដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅថ្ងៃទី៨ ខែ វិច្ឆិកាថា ការសម្រេចយក ទីតាំងស្រុកមេមត់នេះធ្វើឡើង ក្នុងគោលបំណងកែប្រែតំបន់តាមបណ្តោយព្រំដែនកម្ពុជា -វៀតណាម ឱ្យទៅជាតំបន់សន្តិភាព ព្រំដែនសហប្រតិបត្តិការ និងការអភិវឌ្ឍ និងដើម្បីបង្កើននូវទំនាក់ទំនងការទូត និងទំហំពាណិជ្ជកម្មផងដែរ។
-->

លោកបានបញ្ជាក់ថា “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅបន្តបើកទ្វាររង់ចាំទទួលស្វាគមន៍វិនិយោគិនវៀតណាម ដែលសម្រេចចិត្តជ្រើសរើសកម្ពុជា ជាគោលដៅបណ្តាក់ទុនវិនិយោគ និងពង្រីកវិសាលភាពប្រតិបត្តិការវិនិយោគរបស់ខ្លួន”។
លោកអគ្គលេខាធិការក៏លើកទឹកចិត្តដល់វិនិយោគិន និងធុរជនវៀតណាម មកសិក្សាស្វែងយល់ដោយផ្ទាល់បន្ថែមទៀត ពីសក្ដានុពល និងកាលានុវត្តវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុន ឬសហការវិនិយោគរួមគ្នា ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ជាពិសេសកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍គាំទ្រ ឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងទឹកដីប្រទេសកម្ពុជា ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យផលិតកម្ម ដែលនឹងអាចគាំទ្រ ឬតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយសហគ្រិនធំៗ ដែលមានទំតាំងក្នុងប្រទេសវៀតណាមបាន៕
