វិភាគៈ នយោបាយកាទូត ភាពប៉ិនប្រសព្វ បានធ្វើឲ្យកម្ពុជាលេចត្រដែត ជាថ្មីលើឆាកអន្តរជាតិ

0

 ដោយៈ យិន លាងគង់សហហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia

       ភ្នំពេញៈ នៅពេលមួយនោះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្រមៃ ប្រែក្លាយកម្ពុជាខ្លាសេដ្ឋកិច្ចមួយ ប្រែក្លាយប្រទេសពីសង្រ្គាម ទៅជាទឹកដីនៃសុខសន្តិភា​ព និងខិតខំសមាហរណកម្មប្រទេសរបស់ខ្លួនទៅក្នុងកម្រិតតំបន់ និងពិភពលោក។

ជាបណ្តើរៗ ក្តីស្រម៉ៃរបស់មេដឹកនាំកម្ពុជាបានក្លាយជាការពិត ហើយ​កម្ពុជាត្រូវបានមេដឹកនាំពិភពលោក ធ្វើដំណើរមកដល់ និងចាកចេញទៅវិញដោយសុវត្ថិភាព និងស្នាមញញឹម។

ក្នុងនាមជាប្រធានអាស៊ាន ដែលបាននិងកំពុងរៀបចំកិច្ចប្រជុំកំពូលលើកទី៣នាពេលនេះ ចន្លោះឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ​២០២២ កម្ពុជាត្រូវបានពិភពលោកសម្លឹងមកម្តងទៀត ជាមួយសារវិជ្ជមានជាងមុន។

ទន្ទឹមនឹងនេះ អ្នកធុរកិច្ចក្នុងពិភពលោក ​បានសម្លឹងមកកាន់ប្រទេសនេះកាន់តែច្រើន ដោយសារប្រទេសនេះជាទីផ្សារថ្មី ដែលពួកគេមានឱកាសរកផលចំណេញបានច្រើន រួមផ្សំនឹងបរិយាកាសវិនិយោគ និងច្បាប់បទដ្ឋានគតិយុត្តិនានា បានលើកទឹកចិត្ត ដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ រួមទាំងកត្តា​សុខសន្តិភាព និងស្ថេរភាពសេដ្ឋកិច្ច សង្គមរយៈពេលវែង។

ការលេចឡើងលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសតូចមួយ ដែលចាកចេញពីភាពក្រីក្រ ការចាកចេញពីវិនាសកម្ម និងកលយុគមិនមែនជារឿង​សាមញ្ញនោះទេ ប្រសិនជាប្រទេសនេះ គ្មានមេដឹកនាំឆ្លាតវៃ គ្មានមានយុទ្ឋ​សា​ស្រ្ត គោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យដ៏វែងឆ្ងាយ។

សម្តេចតេជោនិងយុទ្ឋសាស្រ្តកាទូត

       កាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស តាំងពីអាយុ២៧ឆ្នាំ ក្នុងនាមជារដ្ឋមន្រ្តីការបររទេស វ័យក្មេងជាងគេក្នុងពិភពលោក និងបានបន្តកាន់ដំណែងជានាយករដ្ឋមន្រ្តី ដែលមានរយៈពេលយូរជាងគេមួយរូប ភាពជោគជាំដោយ​ការរៀនសូត្រ បទពិសោធន៍ និងភាពប៉ិនប្រសព្វបានធ្វើឲ្យ សម្តេច ក្លាយជាវីរៈជនលេចធ្លោមួយរូបនៅកម្ពុជា ក៏ដូចជា ក្នុងពិភពលោក បើទោះបីជាបញ្ហាកម្ពុជាមួយចំនួនត្រូវបានគេបំភ្លៃ និងមិនចង់ឲ្យកម្ពុជាលេចត្រដែតក្តី។

ទេពកោសល្យ ភាពក្លាហាន និងការសិក្សាជាប់ជាប្រចាំ បានធ្វើឲ្យ  សម្តេចត្រូវបានមេដឹកនាំ ក្នុងពិភពលោកកត់សំគាល់ និងលើកសរសើរ ក្នុងឋានៈជាមេដឹកនាំប្រទេស ដែលងើបចេញពីផេះផង់នៃភ្លើង​សង្រ្គាម ទៅជាមេដឹកនាំដែលបានធ្វើឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ច៧ភាគរយ ក្នុងរយៈពេ​លពីរទសវត្សរ៍(មុនវិបត្តិកូវីដ១៩) ហើយប្រទេសនេះត្រូវបានធនាគារអភិ​វ ឌ្ឍន៍អាស៊ីប្រកាសជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”នៅឆ្នាំ​២០១៥។

លទ្ឋផលនៃការដឹកនាំដ៏ឈ្លាសវៃ ការកសាងនូវសមិទ្ឋផល និងអ្វីៗត្រូវបានមើលឃើញ តាមរយៈការរីកចម្រើនសេដ្ឋកិច្ច សង្គម ការកាត់បន្ថយភាពក្រីក្រ និងបានប្រែក្លាយរាជធានីដ៏តូចរបស់ខ្លួន មកជារាជធានីជាទីចាប់អារម្ម​ណ៍នៃហ្វូងអ្នក​ធុរកិច្ចអន្តរជាតិ។

សម្តេចតេជោហ៊ុន សែនបានសម្រេចនូវសមិទ្ឋផលជាច្រើន សំរាប់​ប្រទេសនេះដូចជា ទី១ ដឹកនាំប្រទេសពីភ្នក់ភ្លើងសង្រ្គាម មកកាន់សុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ទី២ ដឹកនាំប្រទេសពីបាតដៃទទេ មកកាន់ប្រទេស ដែលពោរពេញដោយសក្តានុពល និងឱកាសវវិនិយោគ ទី៣ ដឹក​នាំ​ប្រទេសពីចំណុចសូន្យនៃសេដ្ឋកិច្ច មកកាន់ប្រទេសដែលជាប់លំដាប់Top Tenនៅលើពិភពលោក។

ទី៤ ដឹកនាំប្រទេសពីការបែកបាក់ មករកភាពសុខដុម និងវិបុលភាព ទី៥ ជាមេដឹកនាំដែលបានកសាង ផែនការអភិវឌ្ឈរយៈពេលវែងដំបូងគេក្នុងប្រវត្តិសាស្រ្ត តាមរយៈគោលនយោបាយ ផែនការយុទ្ឋសាស្រ្ត និងផែនទីបង្ហាញ​ផ្លូវក្នុងការនាំកម្ពុជា ចាកចេញពីភាពក្រីក្រ មកកាន់ប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងត្រៀមប្រែក្លាយប្រទេសពីប្រាក់ចំណូ​លមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០០៥០ខាងមុខ។

សន្តិភាពជាមូលដ្ឋាននៃការរីកចម្រើននិងអាទិភាព

       ដាក់ចេញគោលនយោបាយ ទឹក ភ្លើង ផ្លួវ មនុស្សតាំងពីទសវត្សរ៍ទី៨០ សម្តេចតេជោហ៊ុន សែនបានកសាងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ក្នុងភាពច្បាស់លា​ស់ទោះជាដៃម្ខាងស្ពានកាំភ្លើងការពារជាតិ និងអាយុជីវិតប្រជាជនក្តី។

ពេលនោះយុគសម័យដ៏ខ្មៅងងឹត សម្តេចប្រើ “ដៃម្ខាងជម្រុញឲ្យប្រជាជនឲ្យបង្កបង្កើនផល ដៃម្ខាងការពារជាតិ ដើម្បីកុំឲ្យខ្មែរក្រហមវិលមកដឹកនាំប្រទេសជាថ្មី”។

ក្នុងភាពជាមេដឹកនាំ ដែលឈឺចាប់ដោយសារសង្រ្គាម និងស្អប់សង្រ្គា​ម ហើយស្រលាញ់សន្តិភាពយ៉ាងងប់ងុល សម្តេចតេជោបានដាក់ចេញនូវ​យុទ្ឋសាស្រ្តឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្នុងឆ្នាំ១៩៩៨ ហើយបានសមាហរណកម្មក្រុមឧទ្ទាមខ្មែរក្រហម មកក្នុងសង្គមជាតិវិញ ក្នុងនាមជាខ្មែរតែមួយ ដែលពួកគេត្រូវបានលើកទឹកចិត្តឲ្យរក្សាបាន នូវទ្រព្យ​សម្បត្តិ កិត្តិយស ការលើកទឹកចិត្ត និងមិនជាប់ទោសពៃ ព្រោះសម្តេចបានចាត់ទុកបញ្ហាបែកបាក់ខ្មែរ “មិនមែនជាកំហុសអ្នកជំនាន់ក្រោយឡើយ”។

ការកសាងមូលដ្ឋានគ្រឹះ និងរក្សាសុខសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន។

នេះជាអ្វីដែលសម្តេចតេជោ បានលើកឡើងជារឿយៗថា “ទោះ​លះ​បង់ក្នុងតម្លៃណាក៏ដោយ ក៏សម្តេចត្រូវរក្សាសុខសន្តិភាពឲ្យបាន”។

ដៃម្ខាងធ្វើសង្រ្គាម ដៃម្ខាងបង្កបង្កើនផលនេះហើយ បានធ្វើឲ្យប្រជាជនកម្ពុជាមានស្នាមញញឹមជាថ្មី ជាមួយក្តីសង្ឃឹមថ្មី ពោរពេញដោយសុទិដ្ឋិ​និយមជាងមុន ហើយធនធានមនុស្សរបស់ប្រទេស កាន់តែមានការកើនឡើង ដោយពួកគេបាន និងកំពុងរួមចំណែកកសាងសង្គមនេះ ហើយពួកគេកំពុងដើរលើផ្លូវត្រឹមត្រូវ ដើម្បីកសាងសង្គម ប្រកបដោយវិបុលភាពមួយនាពេលអនាគត។

សមិទ្ឋិផលនៃការដឹកនាំអាស៊ានកន្លងមក

       ក្នុងនាមជាមេដឹកនាំអាស៊ានប្តូរវេន ការកសាងសហគមន៍អាស៊ាន​ដើម្បីឆ្ពោះទៅកាន់វិបុលភាពរួមគ្នា បានធ្វើឲ្យកម្ពុជាសម្រេចបានសមិទ្ឋផល​គួរឲ្យកត់សំគាល់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះលើកទី១ នៅឆ្នាំ២០០២ កម្ពុជាបានសម្រេចបាននូវឯកសារធំៗចំនួនបី ទី១ ឯកសារគំនិតផ្តួចផ្តើមឲ្យមានការអភិវឌ្ឍន៍ស្នូល ក្នុងក្របខ័ណ្ឌអាស៊ានពីឆ្នាំ​២០០២ ដល់ឆ្នាំ២០០៨ ទី២ ឯកសារស្តីពីសេចក្តីថ្លែងការណ៍ ក្នុងក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង ទី៣ ឯកសារពាក់ព័ន្ឋនឹងកិច្ចប្រជុំកំពូលលើកទី១រវាងអាស៊ាន និងឥណ្ឌា ជាពិសេសឯកសារដែលគេចងចាំជាងគេគឺឯកសារស្តីពី “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង”។

កិច្ចប្រជុំលើកទី២ ដែលកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះលើកទី២ គឺទី១ នៅឆ្នាំ២០១២ ដែលពេលនោះកម្ពុជា សម្រេចបាននូវសេចក្តីប្រកាសមួយស្តីពី សេចក្តីថ្លែងការណ៍សិទ្ឋមនុស្សអាស៊ាន ចេញពីទីក្រុងភ្នំពេញ ទី២ សេចក្តីប្រកាសបង្កើតមជ្ឈមណ្ឌលកំចាត់មីនអាស៊ាន និងទី៣ ការចាប់ផ្តើមនៃការចចារ ដែលផ្តោតលើតំបន់សេដ្ឋកិច្ចក្នុងតំបន់នេះ ដែលមានប្រទេសចំនួន១៥ជាសមាជិក និងចុងក្រោយក៏មានការបង្កើនបាននូវ “តំបន់សេដ្ឋកិច្ចភាពជាដៃគូតំបន់គ្រប់ជ្រុងជ្រោយ” ឬហៅកាត់RCEP។

កសាងឧត្តមភាព និងភាពលេចធ្លោជាថ្មី

បណ្តាមេដឹកនាំល្បីៗ និងជាមេដឹកនាំប្រទេសមហាអំណាច លើពិភពលោកបាន និងកំពុងធ្វើដំណើរមកដល់កម្ពុជាបណ្តើរៗហើយ ក្នុងនោះរួមមាននាយ​ករដ្ឋមន្រ្តីវៀតណាម នាយករដ្ឋមន្រ្តីប្រទេសមានសេដ្ឋកិច្ចលូតលាស់លំដាប់ទី២លើពិភពលោក គឺនាយករដ្ឋមន្រ្តីចិន។

មេដឹកនាំប្រទេសសរុបចំនួន១៨នឹងមកចូលរួម ប៉ុន្តែបើបូករួមជាមួយមេដឹកនាំាំអង្គការអន្តរជាតិធំៗដទៃទៀត គឺមានរហូតដល់៣៤រូប ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំដ៏មានកិត្យានុភាពនេះ ប៉ុន្តែអ្វីដែលកិច្ចប្រជុំនេះមានភាពលេចធ្លោជាងគេ គឺវត្តមានរបស់ប្រធានាធិបតីអាមេរិក ដែលលោកនឹងញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១១ដល់​១៣ វិច្ឆិកាខាងមុខនេះ។

ឆ្នាំ២០១២ កម្ពុជាមានភាពលេចត្រដែត និងត្រូវបានពិភពលោកសម្លឹងមករួចទៅហើយ គឺវត្តមានរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលជាប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់អាមេរិក។

នៅឆ្នាំ២០២២នេះ ស្របពេលវិបត្តិកូវីដ១៩បានធូរស្រាល កម្ពុជាមានវាសនា ទទួលមេដឹកនាំប្រទេសមហាអំណាចលេខ១ នៅលើពិភពលោកមួយរូបទៀត គឺលោកចូ បៃដិន ជាប្រធា​នាធិបតីកំពុងកាន់អំណាច​បច្ចុប្បន្ន។

វត្តមានលោកចូ បៃដិនអញ្ជើញមកកាន់កម្ពុជា ដោយលោកសុខចិត្តបោះបង់ និងមិនចូលរួមកិច្ចប្រជុំកំពូលAPEC នៅប្រទេសថៃ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែលោកបានជ្រើសរើសមកកាន់កម្ពុជា គឺជារឿងកម្រ និងគួរឲ្យចាប់អារម្មណ៍៍បំផុត។

ការអញ្ជើញមកកាន់កម្ពុជា ហើយបោះបង់មិនចូលរួមកិច្ចប្រជុំកំពូលAPECនៅប្រទេសថៃ មិនមែនជារឿងសាមញ្ញពេកនោះទេ ប៉ុន្តែយុទ្ឋសាស្រ្តកាទូតដ៏ទន់ភ្លន់ ភាពបត់បែន ការធ្វើឲ្យអាស៊ានកាន់តែលេចធ្លោ និងមានសារៈសំខាន់ឡើង ក្នុងសហគមន៍អន្តរជាតិ ក្នុងតួនាទីជាមេដឹកនាំក្នុងតំបន់ ដែលបានជួយសម្របសម្រួល បញ្ហាប្រទេសមីយ៉ាន់ម៉ា និងបញ្ហាជាច្រើនទៀតនៅក្នុងពិភពលោករបស់សម្តេចតេជោ ថ្នាក់ដឹកនាំកម្ពុជាដែលបានផ្តើមជីវិតពីកូនកសិកររូបនេះ ក្លាយជាតួអង្គគំរូមួយក្នុងតំបន់ ក្នុងនាមជាអ្នកយុទ្ឋសាស្រ្តផ្នែកកាទូត ជាសេដ្ឋវិទូ និងជាអ្នកដឹកនាំមួយរូបដែលយល់តម្លៃសន្តិភាព និងកំពុងដើរតួនាទីកាន់តែសកម្មឡើង ក្នុងឆាកអន្តរជាតិ។

មេដឹកនាំដែលយកឈ្នះខ្លួនឯង មិនមែនមេដឹកនាំដែលគិតពីប្រ​យោ​ជន៍សួនតួ និងមិនឲ្យគេបំផ្លាញប្រទេសខ្លួននោះទេ ប៉ុន្តែគឺជាមេដឹកនាំដែលនាំមកនូវសុខសន្តិភាព វិបុលភាព និងលើកកំពស់កិត្យានុភាពជាតិនៅក្នុងឆាកអន្តរជាតិ និងកំរាលព្រំពិភពលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here